(ភ្នំពេញ)៖ ជ័យជំនៈរបស់លោក Mahathir Mohamad ក្នុងនាមជាមេដឹកនាំបក្សប្រឆាំងនៅម៉ាឡេស៊ី គឺជាជ័យជំនៈដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនម៉ាឡេស៊ី ដែលគ្មានអ្នកណាអាចបដិសេធបាន។ ជ័យជំនៈរបស់លោក Mahathir ក៏ជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាជនម៉ាឡេស៊ីត្រូវការអ្នកនយោបាយចាស់វស្សារូបនេះ មកធ្វើជាមេដឹកនាំរបស់ពួកគេទោះជាគាត់មានអាយុដល់ទៅ៩២ឆ្នាំ ហើយក៏ដោយ។ អ្វីដែលសំខាន់សម្រាប់ប្រជាជនម៉ាឡេស៊ីគឺ បទពិសោធន៍ដឹកនាំដ៏ជោគជាំរបស់លោក Mahathir ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីអស់រយៈពេល២២ឆ្នាំ (ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ ២០០៣) និងលទ្ធផលមិនល្អនៃការសាកល្បងជាមួយអ្នកថ្មី។
ក្រោយឆ្លងកាត់ការសាកល្បងអ្នកដឹកនាំថ្មីមួយរយៈធំមក ប្រជាជនម៉ាឡេស៊ីបានមើលឃើញយ៉ាងច្បាស់ថា តៃកុងឡានចាស់ពិតជាមានសារៈសំខាន់ និងធានាភាពកក់ក្តៅដល់ពួកគេ ជាងតៃកុងឡានថ្មី។ ដូច្នេះជម្រើសមានតែមួយគត់គឺវិលទៅរកតៃកុងឡានចាស់ឲ្យមកបើកបរវិញ ពីព្រោះជិះឡានជាមួយតៃកុងថ្មីធ្វើឲ្យប្រជាជនម៉ាឡេស៊ីមានភាពរងារ និងបាត់បង់ភាពកក់ក្តៅ ហើយមើលឃើញពីអនាគតមិនច្បាស់លាស់ទាល់តែសោះ។ ក្នុងន័យនេះគេអាចនិយាយបានថា បក្សប្រឆាំងនៅម៉ាឡេស៊ីដែលឈ្នះឆ្នោត នៅពេលនេះខុសគ្នាស្រឡះពីបក្សប្រឆាំងនៅកម្ពុជា។ ខុសគ្នានៅត្រង់ថា ជ័យជំនៈរបស់បក្សប្រឆាំងនៅម៉ាឡេស៊ី គឺជាការភ្ញាក់រលឹករបស់ប្រជាជនជនម៉ាឡេ បន្ទាប់ពីបានសាកល្បង អ្នកថ្មីមួយស្របក់ធំហើយលទ្ធផលបានបង្ហាញថា មិនអាចប្រៀបនឹងអ្នកចាស់បានទេ។
ជ័យជំនះរបស់បក្សប្រឆាំងនៅម៉ាឡេស៊ីក៏ជាសារនយោបាយមួយច្បាស់លាស់ថា ប្រជាជនម៉ាឡេស៊ីខកបំណងចំពោះការផ្លាស់ប្តូរមេដឹកនាំកន្លងទៅ ហើយពេលនេះ ពួកគេច្បាស់ក្នុងចិត្ត ហើយថា គ្មានជម្រើសណាល្អជាងការវិលទៅរកអ្នកចាស់វិញឡើយ។
នេះក៏អាចចាត់ទុកជាសំណាងល្អដែររបស់ប្រជាជនម៉ាឡេស៊ី ដែលមានឱកាសអាចវិលមករកអ្នកចាស់វិញបាន ខុសពីបណ្តាប្រទេសខ្លះនៅមជ្ឈឹមបូព៌ាដែលគ្មានផ្លូវវិលថយក្រោយបាន ហើយពលរដ្ឋរបស់គេមានតែការបៀមទុក្ខក្រៀមក្រំ និងវិប្បដិសារីអស់មួយជីវិតបន្ទាប់ពីជ្រុលខ្លួនក្នុងនយោបាយបដិវត្តន៍ពណ៌ហើយទទួលបាននូវការផ្លាស់ប្តូរដោយឈឺចាប់ ពោរពេញដោយសោកនាដកម្ម នាំមកនូវសង្គ្រាមវិនាសកម្ម ការស្លាប់ជីវិតមនុស្សយ៉ាងរង្គាល ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គមយ៉ាងខ្ទេចខ្ទាំ និងធ្វើឲ្យពលរដ្ឋរងទុក្ខវេទនា រកទីបំផុតមិនឃើញ។
ដូច្នេះបក្សប្រឆាំងនៅម៉ាឡេស៊ីមិនដូចបក្សប្រឆាំងនៅកម្ពុជាសោះឡើយ គឺមិនដូចអ្វីដែលលោក សម រង្ស៊ី បាននិយាយដើម្បីតែចង់កេងចំណេញនយោបាយ តែនិយាយខុសការពិត ស្រឡះ។ នៅកម្ពុជាបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា គឺជាបក្សដែលខ្វះបទពិសោធន៍ ខ្វះធនធានមនុស្ស ខ្វះគោលនយោបាយជាក់លាក់ និងធ្វើតាម តែខ្សែញាក់របស់បរទេសហើយប្រាថ្នាចង់បានអំណាចដឹកនាំប្រទេស។
ការចង់បានអំណាចនោះទៀតសោត ចង់ចម្លងយកបដិវត្តន៍ពណ៌ពីបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា ដែលកំពុងជួបសង្គ្រាមវិនាសកម្មយ៉ាងខ្លោចផ្សារបំផុត មកអនុវត្តក្នុងប្រទេសមួយដែលកំពុងមានសន្តិភាពពេញលេញ និងពោរពេញដោយការអភិវឌ្ឍន៍។ បក្សប្រឆាំងនៅម៉ាឡេស៊ីដែលឈ្នះឆ្នោតនៅពេលនេះមាន កំណើតចេញពីបក្សកាន់អំណាច។ ជាអតីតមេដឹកនាំបក្ស កាន់អំណាចអស់រយៈពេល២២ឆ្នាំ មិនមែនបក្សប្រឆាំងដែលមិនធ្លាប់កាន់អំណាចសោះដូចនៅកម្ពុជាឡើយ។
មេដឹកនាំបក្សប្រឆាំងដែលឈ្នះឆ្នោតជាថ្មីនៅពេលនេះក៏ជាមនុស្សដែលមេដឹកនាំបក្សប្រឆាំងនៅកម្ពុជាធ្លាប់ចាត់ទុកជាមេដឹកនាំផ្តាច់ការ និងកាន់អំណាចយូរជាងគេម្នាក់ផងដែរ។ ឥឡូវ លោក សម រង្ស៊ី បែរជាមកអួតសរសើរលោក Mahathir ដែលបានឈ្នះឆ្នោត។ យ៉ាងណា លោក សម រង្ស៊ី មិនបាននិយាយចំឈ្មោះលោក Mahathir ទេគឺគ្រាន់តែនិយាយថា បក្សប្រឆាំងប៉ុណ្ណោះដើម្បីបំភាន់សាធារណៈមតិ។ ប៉ុន្តែ លោក សម រង្ស៊ី ភ្លេចគិតថា សាធារណៈជនខ្មែរសម័យនេះ គេយល់ដឹងពីនយោបាយជាតិ និងអន្តរជាតិច្រើនជាង គាត់ឆ្ងាយណាស់។
អ្វីដែលគួរឲ្យកត់សម្គាល់ម្យ៉ាងទៀតនោះគឺ ក្នុងអំឡុងពេលកាន់អំណាចរបស់ខ្លួន លោក Mahathir គឺជាអ្នកដឹកនាំដ៏មានស្នាដៃម្នាក់ដែលបានធ្វើឲ្យប្រទេសម៉ាឡេស៊ីស្គាល់ភាពទំនើប ស្គាល់កំណើនសេដ្ឋកិច្ចល្អ និងជាមេដឹកនាំដែលយកចិត្តទុកដាក់ខ្លាំងទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់របស់ប្រទេស។ លើសពីនេះ លោក Mahathir ក៏ជាអ្នកដឹកនាំដែល ខិតខំការពារអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ប្រទេស ដោយតស៊ូប្រឆាំងយ៉ាងស្វិតស្វាញទៅនឹងការលូកដៃពីបរទេស ពិសេសពីសំណាក់លោកខាងលិច ដែលតែងតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដោយផ្ទាល់ក្តីឬតាមរយៈបណ្តាញរបស់ខ្លួនដូចជាក្រុមសង្គមស៊ីវិលមួយចំនួនដែលទទួលលុយពីបរទេសក្តី។ លោក Mahathir ក៏ធ្លាប់បានចាត់វិធានការតឹងរ៉ឹងចំពោះក្រុមប្រឆាំង និងសង្គមស៊ីវិលដែលបម្រើនយោបាយឲ្យបរទេសហើយចង់បំផ្លាញប្រទេសម៉ាឡេស៊ី។
លោក Mahathir កាលណោះក៏ធ្លាប់រងការរិះគន់ពីក្រុមប្រឆាំង និងសង្គមស៊ីវិលមួយចំនួនថា ជាមេដឹកនាំផ្តាច់ការ ជាអ្នកធ្វើឲ្យទំនាក់ទំនងរវាងម៉ាឡេស៊ី ជាមួយមហាអំណាចលោកខាងលិចជួបការលំបាក ឬជាអ្នកបំបិទសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិលជាដើមពោលគឺមិនសូវជាខុសពីស្ថានភាពនៅកម្ពុជាបច្ចុប្បន្នប៉ុន្មានឡើយ។ ប៉ុន្តែ ពេលមានអ្នកថ្មីចូលមកដឹកនាំមួយរយៈ ទើបប្រជាជនម៉ាឡេស៊ីផ្តើមភ្ញាក់រលឹក ហើយយល់ច្បាស់ថា អ្វីដែលលោក Mahathir បានធ្វើគឺជារឿងត្រឹមត្រូវរីឯការផ្លាស់
ប្តូរមេដឹកនាំថ្មី គឺជាជម្រើសមិនល្អឡើយ។ នេះគឺជាហេតុផលឡូហ្សិកបំផុតដែលអាចពន្យល់បានពីជ័យជំនៈរបស់លោក Mahathir នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨នេះ។
សរុបមកវិញ ជ័យជំនៈរបស់បក្សប្រឆាំងនៅម៉ាឡេស៊ីក្នុងការបោះឆ្នោតពេលនេះគឺជាសូរជួងដាស់សតិរបស់ប្រជាជនម៉ាឡេស៊ីខ្លួនឯង ក៏ដូចជាប្រជាជនក្នុងតំបន់ថា ការផ្លាស់ប្តូរដ៏ ប្រថុយប្រថាន មិនបាននាំមកនូវលទ្ធផលល្អឡើយ។ យ៉ាងណាក៏ដោយ ប្រជាជនម៉ាឡេស៊ីនៅមានសំណាងដែលអាចវិលថយក្រោយបាន។ ប្រសិនបើមិនដូច្នោះទេ ពួកគេច្បាស់ជា មានវិប្បិសារីអស់មួយជីវិតជាមិនខាន។ ការជាប់ឆ្នោតជាថ្មីរបស់លោក Mahathir នៅពេលនេះក៏បានធ្វើឲ្យគាត់ជាប់កំណត់ត្រាថា ជាមេដឹកនាំដែលមានវ័យចំណាស់ជាងគេបង្អស់ ក្នុងលោកផងដែរ។ ក្នុងន័យនេះ ទោះកាន់អំណាចយូរប៉ុណ្ណាក៏ដោយ, ទោះជាមានអាយុច្រើនយ៉ាងណាក៏ដោយក៏មិនសំខាន់ ក៏ប៉ុន្តែ អ្វីដែលសំខាន់គឺប្រជាជនត្រូវការ ដើម្បីធ្វើជាមេដឹកនាំដ៏កក់ក្តៅរបស់ពួកគេ សមដូចសុភាសិតបូរាណខ្មែរថា «ឆ្នាំងចាស់បាយឆ្ងាញ់»។
ដូច្នេះពាក្យថា មេដឹកនាំផ្តាច់ការ មេដឹកនាំក្រាញអំណាច ឬមេដឹកនាំដែលមានវ័យចំណាស់ ហើយតែមិនព្រមឈប់ គ្រាន់តែជាភាសានយោបាយលាបពណ៌តែប៉ុណ្ណោះ តែធាតុពិតនៃ ប្រជាធិបតេយ្យគឺគ្មានអ្វីខ្លាំងជាងជម្រើសរបស់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតនោះឡើយ។ រីឯធាតុពិតនៃជម្រើសរបស់ពលរដ្ឋគឺ ចង់បានមេដឹកនាំដែលមានបទពិសោធន៍ មានសមត្ថភាពអាចធានាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសដែលគ្មានអ្នកណាមកបំផ្លាញបាន។ នេះគឺជាគតិដែលប្រជាពលរដ្ឋខ្មែរអាចយកទៅប្រើប្រាស់បានសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាចុងខែកក្កដាខាងមុខនេះ ហើយក៏ជាគតិដែលធ្វើឲ្យយើងឈប់ចាញ់បោកអ្នកនយោបាយក្បាលមិនជាប់មេឃជើងមិនជាប់ដីតទៅទៀត៕
ដោយ៖ កូនខ្មែរ