(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានប្រកាសឲ្យប្រជាពលរដ្ឋមានវ័យ១៨ឆ្នាំឡើង ទៅចូលរួមបោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា» ឲ្យបានគ្រប់ៗគ្នា ដែលមានរូបទេពតាបាចផ្កា ជាផ្លាកសញ្ញាសម្គាល់នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខ ដើម្បីទទួលនូវសុខសន្តិភាព និងការអភិវឌ្ឃន៍បន្តទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានជម្រុញបន្ថែមថា ចំពោះប្រជាពលរដ្ឋគ្រប់រូប គឺមិនត្រូវបានស្លាប់ដោយអត់បាយឡើយ លុះត្រាតែអាជ្ញាធរ មិនទទួលបានសេចក្ដីរាយការណ៍ ណាមួយប៉ុណ្ណោះ «ពោលគឺមិនបានដឹង» ពីព្រោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ បានផ្ដាំហើយផ្ដាំទៀត ដើម្បីឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើប្រជាពលរដ្ឋក្រីក្រ «ពោលគឺជនងាយរងគ្រោះ» ដោយមិនប្រកាន់និន្នាការឡើយ។

លោក ជា ពិសី រួមនិងលោក វ៉ាន់ ផន ជាសេនាធិការ និងជាចៅសង្កាត់ច្រាំងចំរេះទី២ បានប្រកាសយ៉ាងដូច្នេះ ក្នុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធ ដើម្បីចុះទៅសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ជាជនចាស់ជរាក្រីក្រ «ពោលជនងាយរងគ្រោះ» ចំនួន៣២គ្រួសារ ដោយពាំនាំយកនូវអំណោយរបស់កាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនក្នុង១គ្រួសារ ទទួលបានអង្ករ៣០គីឡូក្រាម មី៣០កញ្ចប់ ទឹកត្រី និងទឹកស៊ីអ៊ីវ១យួរ និងថវិកា ចំនួន៤ម៉ឺនរៀលស្មើៗគ្នា នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុម៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នៅចំពោះមុខប្រជាពលរដ្ឋ លោក ជា ពិសី បានថ្លែងថា នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខនេះ និងមានការរៀបចំបោះឆ្នោត ដើម្បីជ្រើសតាំងតំណាងរាស្ត្រ ដូចនេះ សូមឲ្យក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានវ័យចាប់ពី១៨ឆ្នាំឡើងទៅ ត្រូវបំពេញកត្តប្បកិច្ចក្នុងការចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយការបោះឆ្នោតនោះ ត្រូវតែសម្រេចចិត្តជ្រើសរើសឲ្យបានត្រឹមត្រូវ ពោលគឺនាំគ្នាទៅបោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា» ដែលមានរូបទេពតាបាចផ្កា ជាផ្លាកសញ្ញាសម្គាល់ ដើម្បីទទួលនូវសុខសន្តិភាព និងការអភិវឌ្ឃន៍បន្តទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕