(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះអនុស្សរណៈយោគយល់ (MoU) ស្តីពី ការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម រវាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។
ការចុះអនុស្សរណៈនេះធ្វើឡើង ដើម្បីជាយន្តការក្នុងការអនុវត្តការងារ ឲ្យកាន់តែមានប្រសិទ្ធភាព និងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហការគ្នា ទៅវិញទៅមកឲ្យកាន់តែជិតស្និតបន្ថែមទៀត ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការស្វែងរកទប់ស្កាត់ និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
សូមបញ្ជាក់ថា នេះជាការចុះហត្ថលេខាលើកទី១១ហើយ ដែលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈជាមួយស្ថាប័នក្នុងស្រុក៕