(ភ្នំពេញ)៖ លោក Doug Ericksen សមាជិកព្រឹទ្ធសភា នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចាត់ទុកគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធ្វើប្រទេសជាតិ មានសន្តិភាព និងស្ថិរភាព ជាគំរូដ៏ល្អប្រសើរសម្រាប់ប្រទេសផ្សេងៗទៀត ដើម្បីរៀនសូត្រ ដកពិសោធន៍ ពិសេសបណ្ដាប្រទេសមួយចំនួន ដែលមានសង្រ្គាមបែកបាក់ផ្ទៃក្នុងរហូតមកដល់សព្វថ្ងៃនេះ។
លោកក៏បានសម្ដែងការកោតសរសើរ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាបានសន្តិភាពពេញលេញ នៅទូទាំងប្រទេស នាពេលបច្ចុប្បន្ន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
លោក Doug Ericksen បានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយថ្មីរបស់ ប្រធានាធិបតី Donald Trump ក្នុងការគោរពសិទ្ធិស្វ័យសម្រេច របស់រដ្ឋអធិបតេយ្យភាពនោះ លោកមានសុទិដិ្ធនិយមយ៉ាងមុតមាំថាកម្ពុជា និងសហរដ្ឋអាមេរិក នឹងមានទំនាក់ទំនងល្អ។ លោកក៏បានសម្ដែងនូវសេចក្ដីរីករាយ ដោយបានអញ្ជើញមកបំពេញទស្សនកិច្ចជាលើកទី២នេះ ហើយបានឃើញពីការអភិវឌ្ឍជាច្រើន នៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងទស្សនកិច្ច របស់លោកកាលពីឆ្នាំ២០១៦ កន្លងមកនេះ។
លោក Doug Ericksen ក៏បានថ្លែងកោតសរសើរ ចំពោះការបោះឆ្នោតឃុំ/សង្កាត់ ដែលកម្ពុជា បានរៀបចំនៅឆ្នាំ២០១៧ កន្លងមក និងគូសបញ្ជាក់ថា លោកមានបំណងអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ នៅក្នុងការបោះឆ្នោតនៅកម្ពុជា នាខែកក្កដាខាងមុខនេះ។ លោកក៏បានសន្យាថា នឹងជួយលើកទឹកចិត្តដល់ អ្នកវិនិយោគទុនអាមេរិក ឱ្យចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ឱ្យបានកាន់ច្រើនថែមទៀត នាពេលខាងមុខនេះ។
លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានសម្ដែងនូវការស្វាគមន៍ ចំពោះលោក Doug Ericksen ដែលមានបំណងអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ នៅក្នុងការបោះឆ្នោតនៅកម្ពុជា នៅក្នុងខែកក្កដា ខាងមុខនេះ និងបានសម្ដែង នូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ដែលមានឆន្ទៈក្នុងការជំរុញ ឱ្យមានកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក។
លោកទេសរដ្ឋមន្រ្ដី បានបន្តថា បច្ចុប្បន្នកម្ពុជា មានសន្តិភាពពេញលេញអាស្រ័យដោយនយោបាយឈ្នះ-ឈ្នះ ដែលផ្ដួចផ្ដើមដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោកទេសរដ្ឋមន្ត្រី ក៏បានបន្តថា ប្រជាជនកម្ពុជា មានសំណាងណាស់ ដែលបានរស់នៅយ៉ាងសុខសាន្ត ក្រោមដំបូលសន្តិភាព នាពេលបច្ចុប្បន្ននេះ ក្នុងពេលដែលប្រទេសមួយ ចំនួននៅតំបន់មជ្ឈិមបូព៌ា បានជួបប្រទះភ្លើងសង្រ្គាម និងសោកនាដ្ឋកម្មឥតឈប់ឈរ ដោយសារតែសង្រ្គាមរ៉ាំរ៉ៃផ្ទៃក្នុង។ សន្តិភាពនេះក៏បានផ្ដល់ ឱ្យកម្ពុជានូវឱកាសក្នុងការអភិវឌ្ឍប្រទេស ឱ្យមានការរីកចំរើនលូតលាស់ ប្រកបដោយចីរភាព រហូតមកដល់សព្វថ្ងៃ៕