Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លើកស្ទួយវិស័យព្រះពុទ្ធសាសនា! លោកស្រី ម៉ែន សំអន ផ្តួចផ្តើមបុណ្យសិតព្រះពុទ្ធរូប ដើម្បីយកទៅតម្កល់គោរពបូជា នៅក្នុងព្រះវិហារវត្តខ្ពប ស្រុកស្អាង

11-05-2018 17:54

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១២រោចខែពិសាខ ឆ្នាំច សំរិទ្ធីសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តួចផ្តើមពិធីបុណ្យសិតព្រះពុទ្ធរូប នៅវត្តលង្កា ព្រះកុសុមារាម នៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។ ព្រះពុទ្ធបដិមានេះ សម្រាប់យកទៅតម្កល់គោរពបូជា នៅក្នុងព្រះវិហារ វត្តខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជាសរណវត្ថុ ក្នុងព្រះពុទ្ធសាសនាតរៀងទៅ។

ពិធីបុណ្យសិតព្រះពុទ្ធរូប បានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តវត្តលង្កាព្រះកុសុមារាម និងលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា, ឧបាសក ទា ហ៊ុនលាង និងឧបាសិកា អ៊ឹង ឈុនអី ព្រមទាំងមន្ត្រីរាជការ ពុទ្ធបរិស័ទអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។

តាមការបញ្ជាក់ពីមេជាងសិតព្រះពុទ្ធរូបអង្គធំ បាន​​ឱ្យដឹងថា រូបព្រះពុទ្ធរូបអង្គធំ ហៅព្រះជីរិធំ មានទំនង់២តោន២០០គីឡូក្រាម ព្រះរូបនេះមានកម្ពស់២ម៉ែត្រ ២តឹក ៥ហ៊ុន និងភ្នែនប្រវែង២ម៉ែត្រ ២តឹក ៥ហ៊ុន និងប្រើរយៈពេលសិតរយៈពេល៣ខែ។ ព្រះពុទ្ធរូបអង្គធំហៅ (ព្រះជីរិធំ) នេះត្រូវបានផ្សំពីលោហធាតុមួយចំនួនមានដូចជាលោហធាតុស្ពាន់ សំរឹត សំណងប៉ាហាំង មាស ប្លាទីន ដែលបានពីពុទ្ធបរិស័ទមានទឹកចិត្តជ្រះថ្លាចូលរួមបរិច្ចាគក្នុងវិស័យព្រះពុទ្ធសាសនា៕