(ភ្នំពេញ)៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ចៅ កឺជី សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីសន្តិសុខចិន បានប្រកាសជាមួយជំហរមុតមាំថា កម្ពុជា គឺជា «មិត្តដែក» របស់ចិន ហើយរដ្ឋាភិបាលគាំទ្រសព្វបែបយ៉ាងទាំងអស់នូវអ្វីដែលជាប្រយោជន៍របស់កម្ពុជា។
លោក ចៅ កឺជី បានថ្លែងដូច្នេះក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួយបនោះថា «លោក (ចៅ កឺជី) បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺមានបំណងជំរុញការងារទាំងឡាយណាដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានចុះហត្ថលេខាព្រមព្រៀងជាមួយគ្នាកន្លងមករួចហើយ ហើយក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអនុវត្តច្បាប់ និងសន្តិសុខ»។
«លោក (ចៅ កឺជី) ក៏បានបន្ថែមដែរថា កម្ពុជា គឺជាមិត្តចាស់ គឺជាមិត្តល្អ គឺជាមិត្តដែករបស់ចិន ហើយនៅពេលនេះ លោកក៏បានគោរពបញ្ជាក់ជូនសម្ដេចតេជោថា ភាគីចិននឹងបន្តគាំទ្រលើរាល់អ្វីទាំងអស់ ដែលជាផលប្រយោជន៍គន្លឹះរបស់កម្ពុជា ហើយក៏គាំទ្រកម្ពុជាផងដែរក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ និងឲ្យស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់កម្ពុជា លើគ្រប់វិស័យទាំងក្នុង ក្របខណ្ឌទ្វេភាគី ដូចជាពហុភាគីផងដែរ»។ លោក អ៊ាង សុផល្លែត បញ្ជាក់បន្ថែម។
បើតាមលោក អ៊ាង សុផល្លែត ក្នុងជំនួបនោះសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខ ហើយក៏សំដែងនូវការរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានគូសបញ្ជាក់ថា ពេល កន្លងមក ប្រទេសទាំងពីរមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ហើយក៏បានមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាច្រើនហើយកិច្ចព្រមព្រៀងទាំងនោះ កំពុងតែបានបន្តអនុវត្តជាបន្តបន្ទាប់ ។
សម្ដេចនាយករដ្ឋមន្ត្រី បានអះអាងថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះ ជាចំណុចសំខាន់នៃទំនាក់ទំនងប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះអនុស្សារណៈ ដែលនឹងចុះហត្ថលេខារវាងសន្តិសុខចិន ជាមួយក្រសួងមហាផ្ទៃកម្ពុជានាល្ងាចនេះ៕