(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សចំនួន៣ទៀតហើយ បានទៅចុះឈ្មោះ និងចុះបញ្ជីបេក្ខជនរួចរាល់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី៦ ហើយរហូតដល់ពេលនេះ គឺមានគណបក្សសរុបចំនួន៩ហើយ បានចុះឈ្មោះ និងចុះបញ្ជីបេក្ខជននៅ គ.ជ.ប ក្នុងនោះមាន គណបក្សចំនួន៣ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។ នេះបើយោងតាមសេចក្តី ប្រកាសរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
ក្នុងចំណោមគណបក្សចំនួន៩ ដែលបានចុះបញ្ជីឈ្មោះ និងបញ្ជីបេក្ខជនរួចរាល់នោះ មានគណបក្សចំនួន៦ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយគ.ជ.ប នៅឡើយទេ ក្នុងនោះរួមមាន៖ គណបក្សខ្មែររួបរួមជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សពន្លឺថ្មី។
បើតាមគ.ជ.ប ក្រៅពីគណបក្សដែលបានចុះបញ្ជីរួចរាល់ទាំងនោះ ពេលនេះក៏មានគណបក្សនយោបាយចំនួន៨ទៀត បាននិងកំពុងបំពេញលក្ខខណ្ឌតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ ខណៈដែលគណបក្សនយោបាយចំនួន៦ ផ្សេងទៀត បានទទួលទម្រង់១០០៨ ពាក្យសុំចុះបញ្ជីពីគ.ជ.បផងដែរ។
រហូតដល់ពេលនេះ ក៏មានគណបក្សនយោបាយចំនួន២៣ហើយ បានទៅយកឯកសារពី គ.ជ.ប បំពេញ។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕