(តាកែវ)៖ ទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន៤៣ទីតាំង នៅក្នុងឃុំចំនួន៣ របស់ស្រុកបាទី ខេត្តតាកែវ ដែលរងការរិះគន់ពីមហាជនទូទៅនៅព្រឹកថ្ងៃសុក្រទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ត្រូវបានអាជ្ញាធរស្រុក សហការជាមួយមន្រ្តីជំនាញកាំកុងត្រូល និងមន្ទីរជំនាញឧស្សាហកម្ម សិប្បកម្មខេត្ត ចុះបិទចោលទាំងស្រុង និងធ្វើការរឹបអូសនូវសម្ភារ សម្រាប់ផលិតស្ករត្នោតក្លែងក្លាយ មូយចំនួនថែមទៀតផង។
អភិបាលស្រុកបាទីលោក ភួន ឈីម ដែលបានចុះទៅដល់ទីតាំងបានថ្លែងថា កន្លងមកអាជ្ញាធស្រុក និងមន្រ្តីជំនាញមានការយោគយល់ច្រើនដោយបានចុះមកអប់រំ និងបានធ្វើការណែនាំឲ្យសិប្បកម្មទាំង៤៣ទីតាំង នៅក្នុងឃុំទាំង៣ នៃស្រុកបាទីនេះ បញ្ឈប់សកម្មភាពផលិតស្កត្នោតក្លែងក្លាយ ក៏ប៉ុន្តែម្ចាស់សិប្បកម្មមិនបានគោរពទៅតាមការណែនាំរបស់អាជ្ញាធនោះទេ ដូច្នេះថ្ងៃនេះក៏បានចុះមកបិទដោយផ្ទាល់ និងបានធ្វើការរឹបអូសសម្ភារកែច្នៃមួយចំនួន យកទៅរក្សាទុកនៅសាលាស្រុក។
លោកអភិបាលស្រុកបាទី ក៏បានប្ដេជ្ញាថា នឹងមិនបណ្ដែតបណ្ដោយឲ្យមានការលួចផលិតស្ករត្នោតក្លែងក្លាយសារជាថ្មីនោះទេ ចាប់ពីពេលនេះតទៅ ហើយអាជ្ញាធក៏នឹងធ្វើការឃ្លាំមើលចំពោះទីតាំង ផលិតស្ករត្នោតក្លែងក្លាយទាំងអស់នេះ ហើយបើសិនជាម្ចាស់ទីតាំងណានៅតែបន្តលួចផលិត នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតែម្តង។
យោងតាមមន្រ្តីជំនាញ នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តតាកែវ បានឲ្យដឹងថា ទីតាំងផលិតស្កត្នោតកន្លែងក្លាយនេះ សុទ្ធតែពុំមានច្បាប់អនុញ្ញាតនោះទេ ហើយកន្លងមកលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ បានសម្រេចឲ្យបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ តាំងពីឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែម្ចាស់សិប្បកម្មនៅតែបន្តលួចផលិតទាំងខុសច្បាប់។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានឲ្យដឹងដែរថា ការផលិតស្ករត្នោតក្លែងក្លាយពីប្រជាពលរដ្ឋក្នុងស្រុកបាទីនេះ ជាករណីមួយដែលនឹងធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រោះការផលិតគ្មានអនាម័យ គ្មានបច្ចេកទេសត្រឹមត្រូវ ម្យ៉ាងទៀតពួកគាត់មិនបានយកវត្ថុធាតុដើមទឹកត្នោតយកមកកផលិតនោះទេ គឺគ្រាន់តែយកស្ករស ប្រេងឆា ទឹកមិនស្អាត នឹងមានម៉ូនីទ័រសម្រាប់កូរស្ករទាំងនោះ កែច្នៃចេញជាស្ករត្នោត។
លោកបានបន្តថា ដូច្នោះដើម្បីលុបបំបាត់កុំឲ្យកើតមានឡើង ពិសេសមិនឲ្យមានការធ្វើចរាចរណ៍ដែលនាំឲ្យប៉ះពាល់សុខភាពនោះ អាជ្ញាធរមានតែចុះបិទទីតាំង និងធ្វើការដកហូតសម្ភារទាំងនេះតែម្តង៕