(ភ្នំពេញ)៖ សម្ដេចក្រហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ បាននិងកំពុងជួបពិភាក្សាការងារជាមួយ លោក ចាវ ឃើជឺ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅស្ដីការក្រសួងមហាផ្ទៃ។
នៅព្រឹកមិញនេះលោក ចាវ ឃើជឺ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានជួបពិភាក្សាការងារផងដែរជាមួយ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងបានប្រកាសថា បន្តគាំទ្រយ៉ាងពេញទំហឹងដល់ភាគីកម្ពុជា ពិសេសបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌របស់ពួកលោកខាងលិច។
សូមជម្រាបថា លោក ចាវ ឃើជឺ រដ្ឋមន្ដ្រីក្រសួងសន្តិសុខ សាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។
តាមការគ្រោងទុក ក្រោយបញ្ចប់ជំនួបនេះ លោក ចាវ ឃើជឺ និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្ម ការប្រយុទ្ធប្រឆាំងបទល្មើស បច្ចេកវិទ្យាទូរគមនាគមន៍ និងសេចក្ដីថ្លែងការណ៍រូម រវាងភាគីទាំង២៕