(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ បានសម្រេចចុះបញ្ជីជូនគណបក្សឆន្ទៈខ្មែរ របស់កូនប្រុសលោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី ជាផ្លូវការហើយ ដើម្បីបើកផ្លូវឱ្យគណបក្សនេះ ចូលរួមក្នុងការបោះឆ្នោត។ នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃនេះ។
ការសម្រេចចុះបញ្ជីជូនគណបក្សឆន្ទៈខ្មែរ ដែលដឹកនាំដោយលោក គង់ មុនីកា កូនប្រុសលោក គង់ គាំ នេះ បានធ្វើឡើងបន្ទាប់ពីគណបក្សថ្មីនេះ ប្រមូលស្នាមមេដៃសមាជិកគ្រប់ចំនួន៤ពាន់ ដាក់ជូនក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨៕
សូមបញ្ជាក់ថា បើតាមលោក គង់ មុនីកា ស្ថាបនិក និងជាប្រធានគណបក្សនេះ បានឱ្យដឹងថា គណបក្សឆន្ទៈខ្មែរ ត្រូវបានបង្កើតឡើងដោយស្ថានិក៧រូប ប៉ុន្តែស្ថានិបទាំងនោះ មិនមែនជាថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយទេ។
លោក គង់ មុនីកា ដែលជាកូនប្រុសពៅរបស់ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី មានបំណងចង់ឱ្យ គណបក្សរបស់លោក ក្លាយទៅរូបកាយថ្មីមួយរបស់ព្រលឹង អតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងវិលវល់ រកកន្លែងចាប់កំណើតមិនទាន់ឃើញ៕