(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា មិនមែនទាល់តែមានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ទើបហៅថាលទ្ធិប្រជាធិបតេយ្យនោះទេ កម្ពុជានៅមានគណបក្សនយោបាយជាច្រើនផ្សេងទៀត កំពុងតែញាប់ដៃ ញាប់ជើង ទៅចុះបញ្ជីនៅ គ.ជ.ប ដើម្បីចូលរួមការបោះជ្រើសតាំងតំណាងរាស្ត្រ នៅចុងខែកក្កដា ខាងមុខនេះ។
លោក កែវ រ៉េមី បានថ្លែងបែបនេះនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោក ជួបជាមួយលោក Masato OTAKA អគ្គនាយករងការិយាល័យគោលនយោបាយកិច្ចការបរទេស នៃក្រសួងការបរទេសជប៉ុន ស្តីពីកិច្ចពិភាក្សា កម្ពុជា-ជប៉ុន ស្តីពីសិទ្ធិមនុស្ស លើកទី៩ នៅទីស្តីការគណៈកម្មាធិការសិទ្ធិមនុស្ស រាជធានីភ្នំពេញ។
លោក កែវ រ៉េមី បានថ្លែងយ៉ាងដូច្នេះថា «តើប្រជាធិបតេយ្យ នីតិរដ្ឋ ប្រជាធិបតេយ្យសិទ្ធិមនុស្ស ទាល់តែមានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមបានមានប្រជាធិបតេយ្យ ឬមួយក៏យើងបំភ្លេចគណបក្សនយោបាយផ្សេងទៀត»។
ទទឹមនឹងនេះ ប្រធានសិទ្ធិមនុស្សកម្ពុជា បានបន្តថា ថ្មីៗនេះលោក សម រង្ស៊ី ព្រមទាំងអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង បានទៅបញ្ចុះបញ្ចូល សហគមន៍បរទេសជាមិត្តមួយចំនួន ឱ្យជួយអន្តរាគមន៍ និងជំរុញឱ្យដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យខ្មោចគណបក្សមួយនេះ បានរស់ឡើងវិញ និងបានឃោសនាមិនឱ្យប្រជាពលរដ្ឋខ្មែរ អ្នកគាំទ្រខ្លួន មិនឱ្យទៅចូលរួមបោះឆ្នោត ទាំងនេះជាការរំលោភ លើច្បាប់ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ត្រង់មាត្រា១៤២ និងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក កែវ រ៉េមី បានបញ្ជាក់ថា លោក សម រង្ស៊ី រួមជាមួយអតីតថ្នាក់ដឹកនាំ បានប្រព្រឹត្តបទល្មើសជាក់ស្តែងជាច្រើនផ្សេងទៀត ដូចជា៖ ការហាមប្រាម រារាំង ប្រទុចបង្អាក់ បំផុសស្មារតី ដល់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត គឺជាការមើលងាយដល់សិទ្ធិពលរដ្ឋខ្មែរ ដែលគ្រប់អាយុក្នុងការជ្រើសរើសជោគវាសនា ដើម្បីស្វែងរកអ្នកដឹកនាំនាវាជីវិតរបស់ខ្លួន ស្របតាមច្បាប់ដែលបានចែងនោះទេ។ ដោយឡែកលោក ក៏បានចោទជាសំណួរថា តើសហគមអន្តរជាតិ នៅតែធ្វើព្រងើយលើទង្វើប្រព្រឹត្តបទល្មើសបំពានច្បាប់។
មេសិទ្ធិមនុស្ស បានសង្កត់ធ្ងន់ៗថា ប្រទេសកម្ពុជា ដែលស្ថិតនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានប្រកាន់យករបបនូវប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានចែងនៅក្នុងច្បាប់កំពូល រដ្ឋធម្មនុញ្ញ ដែលបានកំណត់ និងមិនអាចកែប្រែ ឬធ្វើវិសោធនកម្មបាន ហើយកម្ពុជាក៏បានអនុវត្តយ៉ាងរលូន សម្រាប់បក្សនយោបាយនានា ការចុះឈ្មោះប្រកួតប្រជែង បោះឆ្នោតជ្រើសតាំងតំណាង គឺបានអនុវត្តឱ្យមានតម្លាភាព ក្នុងអាណត្តិនេះមានគណបក្សនយោបាយ ជាច្រើនចូលរួមការបោះឆ្នោតអាណត្តិនេះ មានចំនួនច្រើនផងដែរ៕