(កំពង់ចាម)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មាការផ្សារ នៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យទំនិញ ដែលក្រុមអាជីវករ ដាក់តាំងលក់នៅក្នុងផ្សារ៧មករា នៅក្រុងកំពង់ចាម និងតាមស្តង់លក់ទំនិញនៅឃុំរការ ស្រុកកំពង់សៀម តែជាលទ្ធផលរកមិនឃើញទំនិញដែលខូចគុណភាព និងហួសដឺឡេនោះឡើយ។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានថ្លែងថា ពេលចុះត្រួតពិនិត្យយើងសង្កេតឃើញថា មិនមានទំនិញណាខូចគុណភាព ហួសដឺឡេ និងមានសារធាតុគីមីនោះទេ ដែលទាំងនេះ គឺដោយសារតែបងប្អូនអាជីវករមានការយល់ដឹងច្រើន។ ពួកគាត់បានយកចិត្តទុកដាក់ណាស់ចំពោះបញ្ហាសុវត្តិភាព ចំណីអាហារ ជាពិសេសក្រុមអ្នកលក់ដូរបន្លែ ផ្លែឈើ គ្រឿងទេស និងភេសជ្ជៈផ្សេងៗ គឺពួកគាត់បានយល់ដឹងច្រើន និងចេះដឹងកាន់តែច្រើន ក្នុងការត្រួតពិនិត្យទាំងស្ថានភាព ទាំងលើការបរិច្ឆេទប្រើប្រាស់ ក៏ដូចជាការវេចខ្ចប់ ការដាក់តាំងលក់ផងដែរ។
លោក ស៊ាន ស៊ីណាត បានបញ្ជាក់ថា ការការពារសុខុមាលភាពប្រជាពលរដ្ឋ គឺជាភារកិច្ចចម្បងរបស់មន្ត្រីកាំកុងត្រូលយើង ប្រជាពលរដ្ឋមានសុខភាពល្អ នឹងនាំឱ្យកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ សង្គម ក៏ដូចជាបង្កឱកាសសម្រាប់ភាពសុខុដុមក្នុងជីវិត៕