(ភ្នំពេញ)៖ តំណាងផ្សារទួលសង្កែលោកស្រី អាន លេឌី បានសម្រេចប្តឹងអ្នកគ្រប់គ្រងផ្សារសុភមង្គល ទៅប៉ុស្តិ៍ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដោយចោទប្រកាន់ទៅអ្នកគ្រប់គ្រងផ្សារសុភមង្គល បានលួចតបណ្តាញទឹកជិត៣០ស៊ីទែន ចូលទៅបន្ទប់ជួលដែលធ្វើឲ្យផ្សារទួលសង្កែ បាត់បង់ថវិកាជាច្រើន។
ក្នុងពាក្យបណ្តឹងនោះលោកស្រី អាន លេឌី បានសូមណូពរឲ្យអាជ្ញាធរ និងប៉ុស្តិ៍ទួលសង្កែទី១ ជួយដោះស្រាយលើបញ្ហានេះផង ដោយឈ្មោះ អ៊ូ សេដ្ឋានូ មានអាយុ៥៣ឆ្នាំ ដែលជាអ្នកគ្រប់គ្រង ផ្សារសុភមង្គល ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានលួចតបណ្តាញទឹករបស់ផ្សារទួលសង្កែរបស់លោកស្រី។
លោកស្រីតំណាងផ្សារទួលសង្កែ បានបន្តឲ្យដឹងថា ករណីលួចតបណ្តាញទឹកខាងផ្សារទួលសង្កែនេះ លោកស្រីទើបតែដឹងក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ពោលបន្ទាប់ពីប្រព័ន្ធទឹក ក្នុងផ្សារមានសភាពខ្សោយទៅៗ ហើយដោយមានការរអ៊ូរទាំពីអាជីករផ្សារ ទើបខាងសន្តិផ្សារចុះទៅមើល ក៏បានឃើញមានការលួចតបណ្តាញទឹក ចេញពីផ្សារចូលទៅខាងបន្ទប់ជួល នៃផ្សារសុភមង្គល ដែលមានម្ចាស់ឈ្មោះ អ៊ូ សេដ្ឋានូ គ្រប់គ្រងលើបន្ទប់ជួលនេះតែម្តង។
ចំពោះករណីខាងលើនេះ លោកស្រីតំណាងផ្សារទួលសង្កែ បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ហើយ។
លោក នង សាប៉ុង ដែលជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ បានឲ្យអ្នកសារព័ត៌មានដឹងថា លោកបានរៀបចំពាក្យបណ្តឹង និងកំណត់ហេតុទៅតាមការប្តឹងរបស់ផ្សារទួលសង្កែហើយ។ ដោយឡែកភាគីម្ខាងទៀត នៃអ្នកគ្រប់គ្រងផ្សារសុភមង្គល នៅមិនទាន់ចូលខ្លួនមកដោះស្រាយ ចំពោះករណីលួចតបណ្តាញទឹកចេញពីផ្សារទួលសង្កែ នៅឡើយទេ។
ជុំវិញការចោទប្រកាន់នេះ អ្នកសារព័ត៌យើងមិនអាចទាក់ទងលោក អ៊ូ សេដ្ឋានូ ដែលជាអ្នកគ្រប់ផ្សារសុភមង្គលនេះបានទេ។
គូសបញ្ជាក់ថា ការលួចតបណ្តាញទឹករបស់ផ្សារ ពីសណាក់បុគ្គលិកផ្សារសុភមង្គល ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានចំនួន២៧ស៊ើទែន ដែលក្នុងស៊ើទែននីមួយៗមានចំនួន៥០០០លីត្រ ទៅលើការផ្គត់ផ្គង់ទឹកប្រើប្រាស់ក្នុងមូលដ្ឋានផ្សារសុភមង្គលនេះ៕