(រតនគិរី)៖ យុវតី សម្បត្តិ សេរីវឡៃ ជាសិស្សដែលកំពុងសិក្សានៅថ្នាក់ទី១១A នៅវិទ្យាល័យ ហ៊ុន សែន ភ្នំថ្មី មានទីលំនៅក្នុងភូមិ៧មករា សង្កាត់ឡាវ៉ាន់សៀក ក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានសម្តែងការឈឺចាប់ និងប្រកាសថ្កោលទោស ចំពោះលោកទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ មិនឱ្យជនក្បត់ជាតិរូបនេះ ធ្វើនយោបាយ ដោយសារតែជននេះបានលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា ។
ការប្រតិកម្មរបស់យុវតីជាសិស្សថ្នាក់ទី១១រូបនេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ារបស់ លោកទណ្ឌិត សម រង្ស៊ី បានផ្ទុះឡើង នៅពេលសកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
យុវតី សម្បតិ្ត សេរីវឡៃ បានថ្លែងយ៉ាងដូច្នេះថា «ប្អូនស្រីពិតជា មានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ និងក្នុងនាមជាកូនខ្មែរមួយរូប ដែលរស់នៅខេត្តរតនគិរីផ្ទាល់ មិនចង់ឱ្យបាត់បង់ទឹកដែលខ្លួនធ្លាប់រស់នៅ ហើយក៏មិនចង់ស្ថិតក្រោមការ ត្រួតត្រាពីសំណាក់បរទេសណាមួយឡើយ»។
យុវតីខាងលើ បានសំណូំពរឱ្យតុលាការ ដាក់ទោសយ៉ាងធ្ងន់ធ្ងរ និងស្របទៅតាមច្បាប់ចំពោះលោក សម រង្ស៊ី ពាក់ព័ន្ធនឹងការចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ឱ្យទៅជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ានេះ។
ជាមួយគ្នានេះយុវតី សម្បត្តិ សេរីវឡៃ បានបន្តថា តាំងពីតូចរហូតដល់ធំពេញវ័យ នាងមិនបានស្គាល់ជនជាតិភាគតិចម៉ុងតាញ៉ានេះ ហើយមិនដែលធ្លាប់ឮថា ជាជនជាតិភាគតិចនេះ រស់នៅលើទឹកដីកម្ពុជានោះទេ គឺធ្លាប់ឮថា ជាជនជាតិភាគតិចដែលរស់នៅក្នុងទឹកដីវៀតណាម។
សូមបញ្ជាក់ថា នៅក្នុងវីដេអូកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ ជាមួយ កាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបាន ចុះហត្ថលេខា ជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះ តំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ផងដែរ ប៉ុន្តែ លោក សម រង្ស៊ី បានអវត្តមានក្នុងការចូលបំភ្លឺ។ ទោះជាយ៉ាងនេះក្តី តំណាងអយ្យការបានអះអាងថា ខ្លួននឹងបន្តនីតិវិធីរបស់ខ្លួនបន្តទៀត ចំពោះសំណុំរឿងនេះ៕