(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មាការផ្សារ និងមន្រ្តីនាយកដ្ឋានមន្ទីរពិសោធន៍ នៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៨នេះ បាននាំយករថយន្តពិសោធន៍ចល័ត ចុះទៅធ្វើការត្រួតពិនិត្យទំនិញ ដែលក្រុមអាជីវករដាក់តាំងលក់នៅក្នុងផ្សារចំនួន៥ ក្នុងខណ្ឌច្បារអំពៅ រួមមាន៖ ផ្សារច្បារអំពៅ, ផ្សារត្រីច្បារអំពៅ, ផ្សារព្រែកឯង, ផ្សារចំពុះក្អែក និងផ្សារព្រែកប្រា និងបាននាំយកទៅពិសោធន៍លើផលិតផលចំនួន៥៤គំរូ តែរកមិនឃើញសារជាតីគីមីឡើយ។
ទំនិញទាំងនោះរួមមាន៖ បន្លែស្រស់, ស្លឹកគូឆាយ, ស្ពៃតឿ, ម្ទេសប្លោក, សណ្ដែកបណ្ដុះ, ស្លឹកគ្រៃហាន់, ខ្ញីហាន់, លត, សរសៃគុយទាវ, នំបញ្ចុក, ស្ពៃជ្រក់, ការ៉ុត, ផ្សិតចំបើង, ពោតបារាំង, ត្រពាំងជ្រក់, គ្រឿងសមុទ្រស្រស់, ប្រហិត និងផ្លែឈើ។ល។ និងផលិតផលម្ហូបអាហារ ដែលវេចខ្ចប់ស្រាប់ ជាច្រើនប្រភេទ។ មន្រ្តីកាំកុងត្រូលបានឱ្យដឹងថា ជាលទ្ធផលរកពុំឃើញនូវផលិតផល ដែលមិនសមស្របតាមបទបញ្ញត្តិបច្ចេកទេសឡើយ។
លោក ប៊ុន ចំរើន សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានថ្លែងថា ការចុះអង្កេតតាមរយៈនាំយកមន្ទីពិសោធន៍ចល័តនេះ គឺធ្វើឡើងគេហៅថា កិច្ចការបន្ថែម បន្ថែមទៅលើសកម្មភាពដែលយើងមានធ្វើនៅក្នុងកម្មវិធីជាប្រចាំថ្ងៃ សម្រាប់ការសង្កេតបន្ថែមមិនមែនធ្វើតែតាមការរយៈ នាំយកមន្ទីពិសោធន៍ចល័តមកទេ គឺយើងធ្វើទៅតាមសកម្មភាពផ្សេងៗទៀតផងដែរ។
លោក ប៊ុន ចំរើន បានបន្តថា ជាលទ្ធផលនៃការចុះអង្កេត និងចុះពិនិត្យកន្លងមកនេះ ក៏ដូចជាការវិភាគតាមរយៈ ការធ្វើតេស្តស្កីត ក៏ដូចជាមន្ទីរពិសោធន៍ចល័ត និងបញ្ជូនទៅមន្ទីរពិសោធន៍ធំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយសង្កេតឃើញថាមានការថយចុះជាច្រើន ទាំងនេះគឺដោយសារតែបងប្អូនអាជីវករមានការយល់ដឹងច្រើន គឺពួកគាត់បានយកចិត្តទុកដាក់ណាស់ចំពោះបញ្ហាសុវត្តិភាព ចំណីអាហារ ជាពិសេសក្រុមអ្នកលក់ដូរបន្លែ ផ្លែឈើ គ្រឿងទេស និងភេសជ្ជៈផ្សេងៗ គឺពួកគាត់បានយល់ដឹងច្រើន និងចេះដឹងកាន់តែច្រើន ក្នុងការត្រួតពិនិត្យ ទាំងស្ថានភាព ទាំងលើការបរិច្ឆេទប្រើប្រាស់ ក៏ដូចជាការវេចខ្ចប់ ការដាក់តាំងលក់ផងដែរ។
បើទោះបីជាលទ្ធផល នៃការពិសោធន៍ទទួលបានលទ្ធផលល្អក៏ដោយ ក៏មន្រ្តីកាំកុងត្រូលនៅតែទទូចស្នើសុំទៅផលិតករ អាជីករ អ្នកនាំចូលដែលខិលខូចមិនគោរពច្បាប់ សូមកុំគិតតែផលចំណេញរបស់ខ្លួនខ្លាំងពេក សូមប្រកបរបរដែលមានសុចរិតភាព នឹងមានគុណធម៌ សីលធម៌ក្នុងខ្លួនផង ព្រោះថាអំពើដែលពួកគាត់បានបង្ក នឹងជះផលត្រឡប់ទៅលើពួកគាត់ ឬសាច់ញាតិរបស់គាត់វិញនៅថ្ងៃណាមួយ ជាក់ជាមិនខាន។
លោក ប៊ុន ចំរើន បានបញ្ជាក់ថា ការការពារសុខុមាលភាពប្រជាពលរដ្ឋ គឺជាភារកិច្ចចម្បងរបស់មន្ត្រីកាំកុងត្រូលយើង ប្រជាពលរដ្ឋមានសុខភាពល្អ នឹងនាំឱ្យកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ សង្គម ក៏ដូចជាបង្កឱកាសសម្រាប់ភាពសុខុដុមក្នុងជីវិត៕