(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ បានថ្លែងថា អត្រាអ្នកមិនទៅបោះឆ្នោត ពុំត្រូវបានសន្មតថា ជាសំឡេងគាំទ្រគណបក្សនយោបាយ ណាមួយនោះឡើយ ដែលនេះគឺជាគោលការណ៍អនុវត្តជាសកល ហើយអត្រានេះពុំមែនជាឧបសគ្គសម្រាប់លទ្ធផលផ្លូវការ នៃការបោះឆ្នោតនោះទេ។

ការថ្លែងបែបនេះរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ នាថ្មីៗនេះបានអំពាវនាវ កុំឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ដោយលើកឡើងថា ការមិនទៅបោះឆ្នោត គឺគាំទ្រគណបក្សសង្រ្គោះជាតិ ឯការទៅបោះឆ្នោតគាំទ្រគណបក្សកាន់អំណាច។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បានបញ្ជាក់ថា «គ្រប់ការបោះឆ្នោតទាំងអស់ តែងតែមានអត្រាអ្នកមិនទៅបោះឆ្នោត បើទោះបីប្រទេសនោះកំណត់អំពីការបោះឆ្នោត គឺជាកាតព្វកិច្ចរបស់ពលរដ្ឋក៏ដោយ។ អ្នកមិនទៅបោះឆ្នោត ត្រូវបានសន្មតថាបោះបង់ចោល នូវសិទ្ធិស្របច្បាប់របស់ខ្លួន និងទទួលស្គាល់នូវលទ្ធផល នៃការបោះឆ្នោតដែលកើតចេញពីការសម្រេចចិត្តរបស់អ្នកដែលទៅបោះឆ្នោត»

លោកបានបន្តថា «តែសូមកុំភ្លេចថា ការរារាំងមិនឲ្យទៅបោះឆ្នោត ឬការធ្វើឲ្យមានការភាន់ច្រលំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត គឺជាអំពើល្មើសច្បាប់សម្រាប់កម្ពុជា»

សូមជម្រាបថា ថ្មីៗនេះមានអតីតសកម្មជនគណបក្សសង្រ្គោះជាតិមួយចំនួន បានចាប់ផ្តើមបំផុសជាបន្តបន្ទាប់ នៅលើបណ្តាញសង្គមថា ពួកគេនឹងមិនចូលរួម ក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះនោះទេ បើសិនជាគ្មាន គណបក្សសង្រ្គោះជាតិ ដែលតុលាការកំពូលកាត់ទោសរំលាយ កាលពីខែវិច្ឆិកា ឆ្នាំមុន៕