(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ពេលនេះកំពុងពិនិត្យមើលស្នាមមេដៃរបស់ គណបក្សឆន្ទៈខ្មែរ ជាគណបក្សកូនប្រុសលោក គង់ គាំ និងគណបក្សខ្មែរក្រោក ដែលបានដាក់ជូនក្រសួងមហាផ្ទៃ ដើម្បីសុំចុះបញ្ជីគណបក្សនយោបាយ។ នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃនេះ។
លោក ខៀវ សុភ័គ បានបញ្ជាក់ថា រហូតដល់ពេលនេះ ក្រសួងមហាផ្ទៃ មិនទាន់បានសម្រេចយ៉ាងណានៅឡើយទេ ដោយត្រូវផ្ទៀងផ្ទាត់ស្នាមមេដៃរបស់គណបក្សទាំងពីរនេះជាមុនសិន មុននឹងចុះបញ្ជីឱ្យ។
ដោយឡែកលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ មានក្តីសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងចុះបញ្ជីជូនគណបក្សរបស់លោក បន្ទាប់ពីស្វែងរកស្នាមដៃសមាជិកគម្រប់ចំនួន៤ពាន់នាក់។ លោកអះអាងថា គណបក្សរបស់លោក បានដាក់ស្នាមមេដៃទាំងនោះជូនក្រសួងមហាផ្ទៃ កាលពីល្ងាច ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨។
Fresh News នៅមិនទាន់អាចទំនាក់ទំនង លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ឬ William Guang ស្ថាបនិក នៃគសម្រាប់គណបក្សខ្មែរក្រោក បាននៅឡើយទេ។ សេចក្តីប្រកាសរបស់គណបក្សនេះ ដែលប្រកាសកាលពីពេលថ្មីៗកន្លងទៅ បានឱ្យដឹងថា គណបក្សខ្មែរក្រោក នឹងបេក្ខជនឈរឈ្មោះ ជាតំណាងរាស្ដ្រ ចំនួន១៤ រាជធានី-ខេត្ត។
សូមបញ្ជាក់ថា បើតាមក្រសួងមហាផ្ទៃ រហូតដល់ពេលនេះ មានគណបក្សនយោបាយចំនួន៣៨ហើយ ដែលបានចុះបញ្ជីត្រឹមត្រូវ។ ដោយឡែក គ.ជ.ប ក៏បានប្រកាសដែរថា រហូតដល់ពេលនេះមានគណបក្សនយោបាយចំនួន២៣ឯណោះ ដែលបានទៅស្នើសុំទម្រង់ឯកសារពីគ.ជ.ប ក្នុងនោះក៏មានគណបក្សនយោបាយចំនួន៥ផងដែរ បានចុះបញ្ជីរួចរាល់ ដែលរួមមាន៖ គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនសិនប៉ិច៕