(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ នឹងឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គ១/២) នៃពានថ្នាក់ខេត្ត នៅថ្ងៃទី១២ ខែឧសភាស្អែកនេះហើយ ដោយក្រុមគិរីវង់សុខសែនជ័យ ត្រូវជួបក្រុមជម្រើសខេត្តកំពត និងក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ ត្រូវជួបក្រុមជម្រើសខេត្តកោះកុង ខណៈការប្រកួតនឹងធ្វើឡើងលើទីលានពហុកីឡដ្ឋានជាតិតែ១គត់។
លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្តនេះ នឹងប្រកួតតែ១ជើងប៉ុណ្ណោះទឹកដីកណ្តាល ហើយក្រុមទទួលបានជ័យជម្នះ នឹងបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងពានជើងឯកពានថ្នាក់ខេត្ត តែមិនមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នោះទេ។
យ៉ាងណាមិញ ទោះបីឈ្នះ ឬចាញ់ ក្រុមទាំង៤ សុទ្ធតែមានសិទ្ធិចូលរួមប្រកួតពានថ្នាក់ជាតិ ដោយស្វ័យប្រវត្តិ ខណៈការប្រកួតគ្រោងធ្វើឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕