(ភ្នំពេញ)៖ ថ្លែងក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់ប្រទេសជប៉ុន, លោក កែ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ប្រទេសជប៉ុន នៅតែបន្តជំហររបស់ខ្លួន លើការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ទោះបីមានក្រុមប្រឆាំងមួយក្តាប់តូច ស្នើសុំ និងជំរុញឲ្យរាជរដ្ឋាភិបាលជប៉ុន ពិនិត្យ និងពិចារណាការផ្តល់ជំនួយក៏ដោយនោះ។
លោក កែ រ៉េមី បានថ្លែងបែបនេះនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោក ជួបជាមួយលោក Masato OTAKA អគ្គនាយករងការិយាល័យគោលនយោបាយកិច្ចការបរទេស នៃក្រសួងការបរទេសជប៉ុន ស្តីពីកិច្ចពិភាក្សា កម្ពុជា-ជប៉ុន ស្តីពីសិទ្ធិមនុស្ស លើកទី៩ នៅទីស្តីការគណៈកម្មាធិការសិទ្ធិមនុស្ស រាជធានីភ្នំពេញ។
មេសិទ្ធិមនុស្សកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ជប៉ុននៅតែមានជំហបន្តសហការជួយដល់ប្រទេសកម្ពុជា ទោះបីជាមានក្រុមអតីតតំណាងរាស្ត្រ ឬក្រុមណាមួយតូចស្នើសុំឱ្យរដ្ឋាភិបាលជប៉ុន ពិនិត្យ ពិចារណា បញ្ហាលើការផ្តល់ជំនួយ ឬការសហការជាមួយប្រទេសកម្ពុជា យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលជប៉ុន បានសម្រេចចិត្ត បន្តសហការជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជា ក្នុងនាមជាមិត្ត»។
ទទឹមនឹងនេះលោក Masato OTAKA ក៏បានលើកពីបញ្ហាពីការរឹតត្បិតសិទ្ធិសេរីភាពរបស់អង្គការ សង្គមស៊ីវិលក្រៅរដ្ឋាភិបាល និងសមាគមនៅក្នុងប្រទេសកម្ពុជា រួមទាំងការចាប់ខ្លូនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ ព្រមទាំងការហាមឃាត់ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ជាការឆ្លើយតបទៅលោក Masato OTAKA លោក កែ រ៉េមី បានពន្យល់ថា ប្រទេសកម្ពុជា ធ្វើអ្វីៗទៅតាមច្បាប់ដែលបានចែង។ ដោយឡែកការចាប់ខ្លួនលោក កឹម សុខា ព្រមទាំងហាមឃាត់ថ្នាក់ ដឹកនាំចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ គឺធ្វើតាមច្បាប់រដ្ឋតែប៉ុណ្ណោះ។ ទោះបីមានអង្គការ សមាគម ក្រៅរដ្ឋាភិបាលមួយចំនួនបាននាំគ្នារិះគន់ថា រាជរដ្ឋាភិបាលបានបង្កើតច្បាប់ស្តីពីការគ្រប់គ្រង អង្គការ សមាគម ក្រៅរដ្ឋាភិបាលគ្រាន់តែជាលេសដើម្បី រឹតត្បិតការបញ្ចេញមតិ និងសកម្មភាពរបស់ពួកគេ នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែទាំងនេះ ជារឿងមួយដែលខុសពីការពិត។ ផ្ទុយទៅវិញ បន្ទាប់ពីបង្កើតច្បាប់នេះរួចមក គេឃើញមានអង្គការ សមាគម បានង្កើតឡើងនៅក្នុងក្របខ័ណ្ឌទៅទាំងប្រទេសមានជាង៦០០ឯណោះ ទាំងនេះមកពីកម្ពុជា ធ្វើអ្វីៗស្របតាមច្បាប់ជាធរមាន។
លោក កែ រ៉េមី បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដើរលើផ្លូវមួយដ៏ត្រឹមត្រូវក្នុងការរក្សា សិទ្ធិមនុស្ស នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរីភាពដល់ក្រុមអ្នកសារព័ត៌មាន។ ជាក់ស្តែង បច្ចុប្បន្ននេះកម្ពុជាមានទស្សនាវដ្តីជាង៨០០អង្គភាព, វិទ្យុមានជាង៣០០ស្ថានីយ៍ និងទូរទស្សន៍ចំនួន២២ស្ថានីយ៍ ព្រមទាំងបើកទូលំទូលាយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយលើទូរស័ព្ទដៃផងដែរ៕