(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទបន្តសកម្មភាពចុះត្រួតពិនិត្យ រកមើលទំនិញគ្មានគុណភាព និងផុតថ្ងៃបរិច្ឆេទ ដែលអាជីវកបានដាក់លក់តាមតូប តាមគេហដ្ឋាននានា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យប៉ះពាល់សុខភាព និងអាយុជីវិតជាដើម។
លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា «ទោះបីយ៉ាងណា មន្ត្រីជំនាញយើង នៅតែបន្តសកម្មភាពត្រួតពិនិត្យទំនិញ ដើម្បីរកមើលទំនិញណាគ្មានគុណភាព សុពភាពទំនិញណាដែលអាជីវករ បានដាក់តាំងលក់ឲ្យទៅប្រជាពលរដ្ឋយកទៅបរិភោគ ដែលបង្កឲ្យប៉ះពាល់សុខភាពរបស់ពួកគាត់»។
លោកបានផ្ដាំផ្ញើដល់អាជីវកទាំងអស់ថា សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះមុខទំនិញដូចជា៖ ទឹកក្រូច មានអាយុត្រឹមតែ៦ខែ, មី, មីកំប៉ុង, នំ មានអាយុត្រឹមតែ៣ខែប៉ុណ្ណោះ ប្រសិនជាអ្នកមិនឧស្សាហ៍ព្យាយាមពិនិត្យទេ គឺយើងខាត់បង់ថវិកាផ្ទាល់ខ្លួន និងពេលវេលាផងដែរ។
អាជីវករទាំងអស់បានថ្លែងថា ទោះបីជាទំនិញរបស់គាត់ ត្រូវបានមន្ត្រីជំនាញបានដកហូតក៏ដោយ តែមន្ត្រីជំនាញបានចុះពិនិត្យអប់រំដល់ពួកគាត់ និងទទួលបានចំណេះដឹង ការទុកដាក់ទំនិញ ការវេចខ្ចប់ ត្រូតពិនិត្យទំនិញណាមកពីប្រទេសណា ថ្ងៃផលិត និងថ្ងៃបរិច្ឆេទ។
សូមបញ្ជាក់ថា មន្ត្រីជំនាញបានដកហូតបានវត្ថុតាងទំនិញគ្មានគុណភាព និងផុតថ្ងៃបរិច្ឆេទរួមមាន៖ ស្ករគ្រាប់ LUSH ២៥កញ្ចប់ មកពីប្រទេសថៃ, ភេសជ្ជៈកំប៉ុង ៦កំប៉ុង, ទឹកក្រូចដបធំ Fanta ១២ដប, ទឹកក្រូចកំប៉ុង CAMELO ៣កំប៉ុង, ទឹកក្រូចដបតូច IZE COLA ចំនួន២៨កំប៉ុង, ទឹកដោះគោខាប់ ២៤កំប៉ុង, កាហ្វេកំប៉ុង ៤៥កំប៉ុង, ភេសជ្ជៈ Bacchus ចំនួន៤កំប៉ុង, ភេសជ្ជៈ OISHI ចំនួន ៥៣កំប៉ុង, ទឹកក្រូចដបតូចចំនួន ៨៤ដប និងនំស្រួយលីលី ២៣កញ្ចប់។ ទំនិញទាំងអស់នេះ មន្ត្រីជំនាញបានប្រមូលយកទៅរក្សាទុកនៅស្នាក់ការកាំកុងត្រូលខេត្ត ដើម្បីរង់ចាំដុតកម្ទេចចោល៕