(ត្បូងឃ្មុំ)៖ លោក អ៊ឹង ស៊ាងហួរ រួមជាមួយប្រជាពលរដ្ឋប្រមាណ១៥គ្រួសារ រស់នៅភូមិនិគមលើ និងភូមិប្រយ៉ាប ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នៅប៉ុន្មានថ្ងៃថ្មីៗនេះ បានសំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរស្រុក និងខេត្ត សូមមេត្តាជួយរកយុត្តិធម៌ ដែលជាម្ចាស់ដីតាំងពីឆ្នាំ១៩៩៩មកម៉្លេះ ដោយអាស្រ័យផលលើការវាយថ្មយកលក់ បន្ទាប់ពីថ្មីៗនេះ ត្រូវបានអ្នកក្រុមហ៊ុនមួយដែលមានលុយ និងឥទ្ធិពល មកឈូសឆាយរំលោភយកដីគាត់ប្រមាណ១១ហិចតានោះ។
ប្រជាពលរដ្ឋទាំងនោះ បានធានាបានអះអាងចំពោះការគ្រប់គ្រងកាន់កាប់ដីធ្លីរបស់លោក អ៊ឹង ស៊ាងហួរ ភេទប្រុស ជាតិខ្មែរ អាយុ៦៥ឆ្នាំ មានទីលំនៅភូមិកូនត្នោត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយប្រវត្តិនៃការគ្រប់គ្រងដីនេះ គឺតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដោយទិញពីឈ្មោះ យាយ សុបិន និង តាសាន និងប្រជាពលរដ្ឋផ្សេងទៀត។
ក្រុមប្រជាពលរដ្ឋដែលធានាអះអាងនោះ ឲ្យដឹងទៀតថា ក្រោយពីបានទិញដីនេះរួចមក ឈ្មោះ អ៊ឹង ស៊ាងហួរ បានគ្រប់គ្រងកាន់កាប់ធ្វើអាជីវកម្មវាយបំបែកថ្មប្រភេទ 4cm*6cm, 1cm*2cm និងថ្មចំណាំងប្រភេទ 10cm*20cm អស់រយៈកាល៣ឆ្នាំ ក្នុងអំឡុងឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ដើម្បីលក់ចែកចាយទូទៅ និងបង់ពន្ធជូនរដ្ឋតាមច្បាប់។ លុះក្រោយមក ដោយមានបញ្ហាក្នុងគ្រួសារ និងមុខរបរនេះ មិនអាចបន្តទៅមុខរួចទៀត គាត់ក៏ផ្អាកសិន ដោយទុកដីទីនោះ នៅទំនេរចោល។
បើតាមការបញ្ជាក់ពីលោក អ៊ឹង ស៊ាងហួរ ដែលអះអាងថា ជាម្ចាស់ដីនោះឲ្យដឹងថា ដោយសារនៅតំបន់នោះ រដ្ឋមិនទាន់ចេញច្បាប់កម្មសិទ្ធិដីធ្លីឲ្យពួកគាត់ ទើបគាត់មិនមានប្លង់រឹងនោះឡើយ។
រហូតមកដល់អំឡុងឆ្នាំ២០១៥ ដែលខេត្តត្បូងឃ្មុំ បានបំបែកនោះ ស្រាប់តែមានអ្នកមានលុយ និងឥទ្ធិពល ដែលមានងារជាឧកញ៉ា បានមករំលោភ យកដីរបស់គាត់ ដោយឃុបឃិតជាមួយមេភូមិ រួមជាមួយជនទុច្ចរឹតផ្សេងទៀត បានលួចបន្លំក្លែងឯកសារទិញលក់ រំលោភយកដីរបស់គាត់ ទំហំជាង១១ហិចតា ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលជាកម្មសិទ្ធស្របច្បាប់ ដោយបានធ្លាប់ធ្វើអាជីវកម្ម វាយបំបែកថ្ម លក់ និងចែកចាយទូទៅ និងបង់ពន្ធជូនរដ្ឋតាមច្បាប់ ដោយមានប្រជាពលរដ្ឋជាច្រើនរយគ្រួសារ នៅក្បែរនោះ ជាអ្នកទទួលស្គាល់ដឹងលឺផងដែរ។
ដោយរងភាពអយុត្តិធម៍បែបនេះ លោកបានសុំការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានជាច្រើនដងមកហើយ តាំងពីអំឡុងឆ្នាំ២១០៥មកម៉្លេះ តែមិនមានចំណាត់ការមានប្រសិទ្ធភាពសោះ ដោយខាងអាជ្ញាធរ ថានឹងដោះស្រាយជូន។
រហូតមកដល់ថ្មីៗនេះ គាត់បានទទួលដំណឹងថា មានក្រុមហ៊ុនមួយមិនស្គាល់ឈ្មោះ បានបញ្ជាគ្រឿងចក្រ ឈូសឆាយរំលោភលើ ដីរបស់គាត់តែម្តង។
ក្រោយទទួលដំណឹងនេះ លោក រួមជាមួយប្រជាពលរដ្ឋ បានមកស្នើរសុំកុំឲ្យគ្រឿងចក្រ ឈូសឆាយលើដីនេះទៀត នឹងបានស្នើរសុំឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត មេត្តាជួយដោះស្រាយជូនគាត់ ពិសេសគាត់បានលើម្រាមដៃដប់ សំពេះសុំអង្វរដល់ទេវតា នៃគណបក្សប្រជាជនកម្ពុជា មេត្តាប្រោះព្រំ និងថែរក្សាការពារ ដល់កូនចៅទេវតាផង ព្រោះលោក រួមទាំងប្រជាពលរដ្ឋរាប់រយគ្រួសារទៀត គឺជាកូនចៅទេវតាតាំងពីដើមរៀងមក នៅតែបោះឆ្នោតជូនទេវតា ជូនគណបក្សប្រជាជន ជូនសម្តេចតេជោ ហ៊ុន សែន ឲ្យនៅតែជាម្លប់សន្តិភាព និងម្លប់យុត្តិធម៍ ជូនពួកគាត់។
ជាចុងក្រោយ រូបលោកបញ្ជាក់ថា លោកក៏ធ្លាប់បានធ្វើលិខិតដើម្បីសុំឲ្យសម្តេចតេជោ ជួយតែមិនបានដល់ដៃសម្តេចនោះទេ ទើបនៅពេលនេះ តាយរយៈអង្គភាព ព័ត៌មាន Fresh News រូបលោក សុំឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំទាំងអស់ នៃគណបក្សប្រជាជនកម្ពុជា សុំជួយផ្តល់យុត្តិធម៌ និងប្រោះព្រំព្រហ្មវិហារធម៌ យុត្តិធម៌ ជូនពួកគាត់ ដែលមានបេះដូង ឈាមជ័ររបស់គណបក្សប្រជាជន មិនដែលងាករេរនោះផង គឺមានតែសម្តេច និងថ្នាក់ដឹកនាំគណបក្សប្រជាជន ជាទេវតា អាចមកឃើញ និងដោះស្រាយភាពអយុត្តិធមផង គឺមានតែសម្តេច តែមួយគត់ ជាទេវតា អាចមកឃើញ និងដោះស្រាយភាពអយុត្តិធម៌ជូនលោកបាន។
ពាក់ព័ន្ធនឹងករណីនេះ លោកមេឃុំស្រឡប់ បានទទួលស្គាល់ថា ពិតជាមានបញ្ហាវិវាទដីធ្លី នេះមែន រូបលោកក៏សុំត្រឹមឲ្យមើលនូវឯកសារបញ្ជាក់ទិញលក់ដី ចំណែកឯលោក អភិបាលស្រុកត្បូងឃ្មុំ កេង ប៊ុនណា បានទទួលព័ត៌មានហើយ តែទំនាស់នេះ វាយូរមកដែលហើយ ដូចនេះរូបលោកនឹងស្រាវជ្រាវឲ្យបានល្អិតល្អន់សិន ចំពោះចំណាត់ការយ៉ាងណាទៀតនោះ លោកនឹងជម្រាបជូនជាបន្ត៕