(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាឲ្យអាជ្ញាធរស្តារប្រឡាយ «អូរអាគុជ» ស្ថិតនៅខណ្ឌសែនសុខ ដើម្បីជួយរំដោះទឹកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅទំនប់កប់ស្រូវ គោលបំណងបញ្ជៀសការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ ដែលមានរាប់រយគ្រួសារ នៅខណ្ឌសែនសុខ, ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីជំនាញ យកគ្រឿងចក្រកាយស្តារប្រឡាយ «អូរអាគុជ» និងកាយបើកមុខលូបង្ហូររំដោះទឹក ចេញពីផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ដើម្បីបញ្ជៀសការកកស្ទះចរន្តទឹកហូរ។
អភិបាលខណ្ឌសែនសុខ បានឲ្យដឹងថា ការយកគ្រឿងចក្រកាយស្តារប្រឡាយខាងលើនេះ ដែលមានប្រវែងជាង២គីឡូម៉ែត្រ គឺដើម្បីជួយសម្រួលទឹក ឲ្យហូរទម្លាក់ទៅទំនប់កប់ស្រូវ បានទាន់ពេលវេលា កុំឲ្យស្ទះលិចលង់ ក្នុងតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ម៉ូវ ម៉ានិត បានបញ្ជាក់ថា ជំនន់ទឹកភ្លៀង នៅតែជាបញ្ហាប្រឈម និងជាក្តីកង្វល់របស់អាជ្ញាធរ ដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ស្របជាមួយនឹងកំណើនប្រជាពលរដ្ឋ លំនៅដ្ឋាន ពីមួយឆ្នាំទៅមួយឆ្នាំ ដោយការប្រើប្រាស់បណ្តាញលូរបង្ហូរចេញ ជាមួយកាកសំណល់ផ្សេងៗ៕