(ភ្នំពេញ)៖ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស ជនជាប់ចោទ ជាហោរជំនាញទាយ កាប់មិនមុត ដុតមិនឆេះ ដែលល្បីល្បាញលើបណ្តាញសង្គមហ្វេសប៊ុក រហ័សនាម «ហោរាអាគ្គីនេត្រ» ពាក់ព័ន្ធសំណុំរឿង ជួញដូរគ្រឿងញៀន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨, តុលាការសម្រេចលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ខាងមុខ។
មន្ដ្រីតុលាការ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះថា លោក រៀល សុភិន ជាតំណាងអយ្យការសវនាការបាន ចោទប្រកាន់លើជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរា អគ្គីនេត្រ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់២.៦៨ក្រាម ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការ ជនជាប់ចោទ ហោរា អាគ្គីនេត្រ បានសារភាពថា សកម្មភាពរបស់ខ្លួនកន្លងមកជា អំពើបោកប្រាស់ ដោយសារតែខ្លះលុយចាយ និងបង់ថ្លៃផ្ទះជួល ខ្លួនបានសម្រេចបន្ថែមមុខរបរថ្មីមួយទៀត គឺជួញដូរគ្រឿងញៀន ប៉ុន្តែទីបំផុតក៏ត្រូវជាប់គុកដោយសារ មុខរបរថ្មីនេះ។
គួររំលឹកថា ជនជាប់ចោទ ឈ្មោះ វ៉ាន់ សុខសីហា ហៅហោរា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន នៅចំណុចបណ្តោយផ្លូវ២៧១ ខាងក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធរឿង ជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម។
បើតាមមន្ដ្រីតុលការ ក្រោយដេញដោលចប់ តុលាការសម្រេចលើកពេលប្រកាសសាលក្រម ទៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ខាងមុខ៕