(ព្រៃវែង)៖ បន្ទាប់ពីសាធារណជនចូលរួមធ្វើជាមួយជាង ដោយលុងកំណាត់ឈើគគីររួចហើយនោះ ពិធីបើកទូកចាប់ ពោលគឺហែកឈើដែលបានលុង រួចចេញជារាង ទូកបណ្ដើរៗ តាមទំហំដែលចង់បាន ត្រូវបានរៀបចំឡើងតាម ទំនៀមទំលាប់ធ្វើទូក-ង ពីបុរាណមក នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ជា សុមេធី អភិបាលខេត្តព្រៃវែង, លោកបណ្ឌិត ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូក-ង និងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជន កម្ពុជា។
ទន្ទឹមនឹងនេះ ក្រុមជាង ក៏បានជ្រៀកអារកំណាត់ឈើផ្សេងទៀតដែរ រួមនឹងការចូលរួមធ្វើពីសាធារណជន។ ទូក-ង វែងជាងគេលើពិភពលោកនេះ មានប្រវែង៨៥,៥ម៉ែត្រ ទទឹង១,៥៥ម៉ែត្រ ដាក់ចំណុះទូកបាន១៧៩នាក់។ ក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ កន្ទុយឆ្លាក់ចេញជាកន្ទុយហង្ស។
ក្នុងនាមអនុប្រធានគណៈកម្មការផលិត ទូក-ង លោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង, អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក-ង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ជា សុមេធី ដែលបានអញ្ជើញចូលរួមពិធីនេះ និងសូមអញ្ជើញបងប្អូនចូលរួមធ្វើ ទូក-ង នេះ បន្តទៀត។
ទន្ទឹមគ្នានេះ តំណាងរាស្ដ្រ ស សុខា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងចាស់ ទាំងក្មេង ពិសេសយុវជន យុវនារី ចូលរួមបំបែកឯតទគ្គកម្មមួយនេះទាំងអស់គ្នា ឲ្យបានជោគជ័យ នៅមុខសាលាខេត្តព្រៃវែង (ចុងប៉ម) ស្របតាមពាក្យស្លោកថា «ខ្មែរសាមគ្គី ខ្មែរឈ្នះ»។
បើតាមលោក ស សុខា គោលបំណងសំខាន់ៗ នៃការផលិតទូក-ង ដូចខាងក្រោម៖
* រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់ នៃការផលិត និងការប្រើប្រាស់ទូក របស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងវិញនូវស្នារព្រះហស្ថ របស់ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូក ជាមធ្យោបាយមួយ ក្នុងការការពារទឹកដី
* ជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូលឲ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ
* ជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សា និងអភិរក្សកេរដំណែលពីដូនតា
* ដើម្បីបង្ហាញឲ្យពិភពលោកឃើញថា ខ្មែរយើងខ្លាំងអាចផលិតបានអ្វី ដែលអស្ចារ្យជាងគេលើពិភពលោក
* ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ចេះសាមគ្គីគ្នារួបរួមគ្នាជាធ្លុងមួយតាមរយៈការកសាងទូក-ង វែងជាងគេ ចាប់ផ្តើមតាំងពីឈើមួយដើម រហូតដល់ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្តងៗ
* ដើម្បីបណ្តុះឆន្ទៈកូនខ្មែរយើងឲ្យនាំគ្នាបង្កើតនូវអ្វីដែលអស្ចារ្យ សម្រាប់ខ្មែរលើឆាកអន្តរជាតិ ចៀសវាងការយកពេលវេលាមានតំលៃ ទៅសេពគ្រឿងញៀន គ្រឿងស្រវឹង បង្ហោះម៉ូតូ និងក្មេងទំនើងជាដើម។
លោកបណ្ឌិត ងិន បាណាល់ ដែលជាអនុប្រធានគណៈកម្មការផលិតទូក-ង វែងជាងគេលើពិភពលោក ដើម្បីបំបែកឯតទគ្គកម្ម បានឲ្យដឹងថា ទូក-ង វែងជាងគេ លើពិភពលោក ដែលកំពុងដំណើរការផលិត មានលក្ខណៈពិសេសមួយចំនួន រួមមាន៖
ទី១៖ ទូកនេះ ធ្វើប្រវែង៨៥ម៉ែត្រ ផ្ទុកចំណុះទូកសរុប១៧៩នាក់
ទី២៖ ទូកនេះ ធ្វើអំពីឈើគគីរ ដែលធននឹងទឹក ក្នុងនោះត្រូវប្រើឈើពី៦ដើម ដើម្បីផលិត, ចំណែកច្រវាទូកវិញ ធ្វើអំពីឈើស្រឡៅ ដែលមានទម្ងន់ស្រាល
ទី៣៖ ក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ ឯកន្ទុយឆ្លាក់ជាកន្ទុយហង្ស ភ្ជាប់ដោយក្បាច់រចនាបុរាណរបស់ខ្មែរសុទ្ធសាត
ទី៤៖ ចំពោះសមាសភាពចំណុះទូកវិញ យកមកពីទាហានជើងទឹក១០០នាក់ នគរបាលជើងទឹក៨០នាក់ បូករួមកម្លាំងយុវជន និងប្រជាពលរដ្ឋស្ម័គ្រចិត្តមួយចំនួនទៀត សម្រាប់ត្រៀមបម្រុងផ្លាស់ប្ដូរដៃគ្នា៕