(ភ្នំពេញ)៖ បុរសជាងសំណង់ម្នាក់ ដោយហេតុតែហាមប្រពន្ធមិនឲ្យទៅបំរើការងារនៅតាមហាងខារ៉ាអូខេ តែប្រពន្ធមិនព្រមស្ដាប់តាមនោះ ក៏ទាញញញួរមកវាយក្បាល បណ្ដាលឲ្យរងរបួសហូរឈាមយ៉ាង ធ្ងន់ធ្ងរ ហើយរត់ទៅទាញយកខ្សែភ្លើងចូលក្នុងបន្ទប់ទឹក ដើម្បីឆក់ខ្លួនឯងបញ្ចប់ជីវិតចោលកូនប្រុសស្រី២នាក់ យ៉ាងអាណោចអាធម៌។
ហេតុការណ៍អំពើរហិង្សាក្នុងគ្រួសារ ឈានដល់ការបញ្ចប់ជីវិតខ្លួនឯងរបស់ជាងសំណង់ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្ញើលនៅវេលាម៉ោងប្រហែលជា៨៖៥០នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់បន្ទប់ជួលលេខ៥ ក្នុងជាន់ទី១ ស្ថិតក្នុងក្រុម២ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ទោ កែវ ចន្ថា នាយនគរបាលប៉ុស្ដិ៍ទួលសង្កែទី២ បានឲ្យដឹងថា បើយោងតាមការបំភ្លឺពីសាក្សីជុំវិញទីតាំងកើតហេតុ បន្ទាប់ពីជាងសំណង់បញ្ចប់ជីវិតខ្លួនឯង គេសង្កេតឃើញថា ទាំង២នាក់ប្ដីប្រពន្ធ បានឈ្លោះប្រកែកគ្នាជារើយៗ នៅក្នុងបន្ទប់ជួលលេខ៥ជាន់ទី១ ដោយហាមដាច់ខាតមិនអនុញ្ញាតឲ្យទៅបំរើការងារនៅខារ៉ាអូខេនោះទេ តែប្រពន្ធមិនព្រមស្ដាប់ ទើបបុរសជាប្ដី ទាញយកញញួរមកវាយ បណ្ដាលឲ្យបែកក្បាលហូរឈាមតែម្ដង។
ក្រោយមកស្ត្រីជាប្រពន្ធ រត់គេចចុះមកខាងក្រោមជាន់ផ្ទាល់ដី បង្កឲ្យមានការផ្អើលឆោរឡោដល់អ្នកក្បែរខាងត្រឹមតែមួយសន្ទុះ ស្រាប់តែបុរសជាប្ដីបានទាញយកខ្សែភ្លើងចូលទៅក្នុងបន្ទប់ទឹក ចាក់គន្លឹះជាប់ ដើម្បីឆក់ខ្លួនឯងបញ្ចប់ជីវិតចោលប្រពន្ធ និងកូនតូចៗ ប្រុសស្រី២នាក់ យ៉ាងអាណោចអាធ័ម។
បុរសជាប្ដីឈ្មោះ សូរ ខ្លឹម អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតនៅភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ រីឯប្រពន្ធឈ្មោះ ឱក សំបាន អាយុ៣៤ឆ្នាំ មុខរបរជាអ្នកបំរើការងារនៅខារ៉ាអូខេ ម្ដុំគល់ស្ពានលោកឧកញ៉ា លី យ៉ុងផាត់ ត្រើយខាងលិច មានស្រុកកំណើតនៅភូមិស្នោរ ឃុំស្នោរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ បច្ចុប្បន្នក្រុមគ្រួសារ ទាំង២នាក់ប្ដីប្រពន្ធ ស្នាក់នៅបន្ទប់ជួល នៃទីតាំងកើតហេតុ។
លោកអនុសេនីយ៍ទោ កែវ ចន្ថា បានឲ្យដឹងទៀតថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន កំពុងស្នើរសុំកិច្ចអន្តរាគមន៍ពីការិយាល័យជំនាញកោសល្យវិច្ច័យ ដើម្បីត្រួតពិនិត្យឲ្យបានដឹងច្បាស់ ទើបសម្រេចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ខេត្តស្វាយរៀង៕