(ភ្នំពេញ)៖ គ្រាន់តែចូលខែវស្សាភ្លាម គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់ ខ្យល់កន្ត្រាក់ ធ្វើឲ្យមានផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន៤៩៧ខ្នង ក្នុងនោះមានហេតុការណ៍រន្ទះបាញ់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន១១នាក់ និងងាប់គោ-ក្របីចំនួន១២ក្បាល។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក កែវ វី បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ខ្យល់កន្ត្រាក់កើតមាន២៧លើក នៅមូលដ្ឋានខេត្តចំនួន១៣, ការខូចខាតមានផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន ១៨២ខ្នង, ផ្ទះដែលរបើកដំបូល និងខូចខាតមធ្យមចំនួន៣១៥ខ្នង សរុប៤៩៧ខ្នង, ខូចដំបូលសាលារៀន២អគារ, ព្រះវិហារ១ខ្នង, សាលាឆាន់១ខ្នង, រលំបាក់បង្គោលភ្លើង៥ដើម នៅខេត្តក្រចេះ , រលំបាក់ដើមឈើច្រើនដើមនៅខេត្តក្រចេះ កំពង់ចាម រតនគិរី កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។
មន្រ្តីជាន់ខ្ពស់រូបនេះ បានបន្តថា គ្រោះថ្នាក់ដោយសាររន្ទះបាញ់ ត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន១១នាក់ ក្នុងនោះស្រី២នាក់, របួស៩នាក់, ងាប់គោ-ក្របីចំនួន១២ក្បាល និងខូចផ្ទះ២ខ្នងផងដែរ។
ដោយឡែកចំពោះគ្រោះទឹកជំនន់វិញ លោក កែវ វី បានបញ្ជាក់ថា មិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ព្រោះទឹកជំនន់កើតឡើងដោយសារចំនួនទឹកភ្លៀង ដែលកើតមានក្នុងរយៈពេលខ្លី ហើយស្រកទៅវិញលឿន តែមានការលិចលង់ស្រូវ នៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងព្រះវិហារ ជាពិសេសខេត្តនៅតាមបណ្តោយកម្ពុជា-ថៃ។
លោកបន្តថា ខាងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកំពុងតែបង្វែរទឹកជំនន់ទាំងនោះ ដើម្បីទៅកន្លែងណាដែលអាចស្រកលឿន ឬក៏បង្វែរទៅកន្លែងប្រព័ន្ធធារាសាស្ត្រតូចធំជាដើម។
បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា រាជធានី-ខេត្តមួយចំនួន អាចនឹងប្រឈមទឹកជំនន់ទឹកភ្លៀង ហើយក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕