(ភ្នំុពេញ)៖ យុទ្ធនាការផ្សព្វផ្សាយ រឿងភាគឥណ្ឌារបស់ប៉ុស្ដិ៍លេខ៥ ដែលមានចំណងជើងថា «សង្គ្រាមមហាទេពស្ដេចហនុមាន» តម្រូវអោយតារាសម្ដែង និងផលិតករតែងជាតួអង្គឥណ្ឌា ដើរតាមផ្សារនានា ត្រូវបានបញ្ចប់ហើយ ដោយយប់ចុងក្រោយគឺក្រុមតារាទាំងនេះ បង្ហាញខ្លួននៅផ្សារជេតកុងតឺណឺ ឃើញថាមានភាពទាក់ទាញនិងជោគជ័យខ្លាំង ។
លោក ហួង តារាមុនី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា ជាការពិតភាពយន្តភាគឥណ្ឌាមិនមែនទើបតែត្រូវបានទិញសិទ្ធិយកមកបញ្ចាំងនៅប៉ុស្ដិ៍លេខ៥ជាលើកទី១នោះទេ ប៉ុន្តែដោយសារតែភាពយន្ត «សង្គ្រាមមហាទេពស្ដេចហនុមាន» នេះបានក្លាយជារឿងភាគល្បីល្បាញ ប្រចាំប្រទេសឥណ្ឌា និងប្រទេសថៃ នឹងឃើញមានការចាប់អារម្មណ៍ នឹងអ្នកទស្សនាហើយមានកាអ្នកគាំមទ្រច្រើន ហើយទើបត្រូវបានទិញសិទ្ធិបានយកផ្សាយនៅក្នុងប្រទេសកម្ពុជា ទើបប៉ុស្ដិ៍លេខសម្រេចធ្វើយុទ្ធនាការ ផ្សព្វផ្សាយតាមផ្សារ ដើម្បីអោយភាពយន្តនេះត្រូវបានបងប្អូនខ្មែរ បានទស្សនាកុំអោយរំលងភាពយន្តល្បីល្បាញមួយនេះ។
លោកបានបន្តទៀតថាភាពយន្តនេះ បានមកដល់ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី១ ឧសភា ដោយការចាក់ផ្សាយត្រូវបានធ្វើឡើងរៀងរាល់ម៉ោង១១ព្រឹកថ្ងៃច័ន្ទដល់សុក្រ និងចាក់ផ្សាយឡើងវិញក្នុងថ្ងៃដូចគ្នារាល់ម៉ោង១០យប់ ហើយមានការកត់សម្គាល់ថាមានការកើតឡើងស្ថិតិអ្នកទស្សនាក្រឺតៗ។ លោកថានេះជាភាពយន្តដែលប្រទេសឥណ្ឌា កើបផលចំណេញបានខ្លាំងប្រចាំឆ្នាំ ហើយក៏ជារឿងដែលប្រើដើមទុនផលិតរាប់លានដុល្លារ អមដោយការសម្រិតសម្រាំងគុណភាព ផលិតមិនធម្មតាផងដែរ ទើបប៉ុស្ដិ៍លេខ៥ចំណាយខ្ពស់ទិញសិទ្ធិយកមកបញ្ចាំង។
លោកមានការរំពឹងថាក្រោយយុទ្ធនាការចុះផ្សព្វផ្សាយ តាមផ្សារ នឹងកាន់តែមានការចាប់អារម្មណ៍ចង់ទស្សនាភាពយន្តនេះ កាន់តែខ្លាំង ដោយសារតែភាពយន្តរឿង «សង្គ្រាមមហាទេពស្ដេចហនុមាន» ក៏ជារឿងពាក់ព័ន្ធនឹងរឿងរាមកេរ្តិ៍ខ្មែរ ដែលជារឿងនៅក្នុងកម្មវិធីសិក្សារបស់ខ្មែរផង៕