(កំពង់ឆ្នាំង)៖ ក្រុមហ៊ុនដេរកាបូបមួយដែលមានឈ្មោះថា «ខាយណេង ឡេឌើរ ប្រូដាក់» មានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបណ្ដេញក្រុមសហជីព និងកម្មករកម្មការិនី ចំនួន១១រូប ដោយមិនបើកប្រាក់ខែជូនដល់ពួកគេ ដែលធ្វើឲ្យមានបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ជីវភាពប្រចាំថ្ងៃ លើការចិញ្ចឹមគ្រួសារ និងកូនៗទៅរៀន។
ក្រុមសហជីព និងក្រុមកម្មករ បានទទូចសុំឲ្យក្រសួងការងារ និងរាជរដ្ឋាភិបាល ជួយអន្ដរាគមន៍ដោះស្រាយបញ្ចប់បញ្ហានេះ ដើម្បីឲ្យពួកគេអាចទទូលបានប្រាក់ខែ និងអាចត្រឡប់ចូលបម្រើ ការងារវិញជាធម្មតា។
ពាក់ព័ន្ធបញ្ហានេះ ក្រុមសហជីពសិទ្ធិប្រយោជន៍កម្មករប្រចាំនៅក្រុមហ៊ុន «ខាយណេង» ដែលមានប្រធាន អនុប្រធាន និងលេខាធិការដ្ឋាន ព្រមទាំងក្រុមកម្មករ សរុបទាំង១១នាក់ កាលពីចុងខែមេសា បានដាក់ពាក្យបណ្ដឹងទៅកាន់ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង ដើម្បីជួយរកដំណោះស្រាយ ដោយពួកគេចោទទៅភាគីក្រុមហ៊ុនថា បានបញ្ឈប់ដោយគ្មានហេតុផល និងមិនបានបើកប្រាក់ខែជូនពួកគេនោះឡើយ។
យោងតាមពាក្យបណ្ដឹងរបស់ក្រុមសហជីព និងកម្មករ បានបញ្ជាក់ថា ពួកគេទាំងអស់គ្នាត្រូវបានប្រធានរដ្ឋបាលក្រុមហ៊ុន ឈ្មោះ សឿន រ៉ាវុធ ធ្វើការគំរាមកំហែង ចង់ប្រើអំពើហិង្សាព្រមទាំងគំរាមវៃខ្នោះ ហើយបណ្ដេញចេញពីការងារដោយគ្មានកំហុស និងសេចក្ដីជូនដំណឹងអ្វីនោះទេ។
ប្រធានសហជីពសិទ្ធិប្រយោជន៍កម្មករលោក ម៉ន់ យ៉េត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ តាមរយៈអង្គភាពព័ត៌មាន Fresh News បានបញ្ជាក់ថា ពួកគាត់ទាំងអស់គ្នា ជាពិសេសក្រុមកម្មករ បាននិងកំពុងប៉ះពាល់ជីវភាពប្រចាំថ្ងៃ ដូចជាការចាយវាយ ការបញ្ជូនកូនទៅរៀន និងការហូបចុក ដោយសារតែប្រាក់ខែមិនបានបើក។
លោក ម៉ន់ យ៉េត បានបន្ថែមថា ប្រសិនបើគ្មានដំណោះស្រាយណាមួយកើតឡើងនោះទេ ក្រុមកម្មករ នឹងនាំក្រុមគ្រួសារ ព្រមទាំងកូនៗនៅក្នុងបន្ទុកមកឈរធ្វើកូដកម្ម នៅមុខក្រុមហ៊ុនជាក់ជាមិនខានឡើយ។ សម្រាប់ប្រធានសហជីពរូបនេះ ពួកគេចង់បានដំណោះស្រាយចំនួន២ រួមមាន៖ ទី១-សុំបើកប្រាក់ឈ្នួលប្រចាំខែមេសា និងទី២-ចង់ចូលបម្រើការងារវិញ។ ជាធម្មតាពួកគេបើកប្រាក់ឈ្នួលនៅថ្ងៃទី១០ រៀងរាល់ខែ។
ជុំវិញបញ្ហានេះ លោក ពៅ ស៊ីដា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង មិនអាចសុំការអត្ថាធិប្បាយបាននោះឡើយ។ ដោយឡែកលោក ស៊ឹម វឌ្ឍនៈ ប្រធានការិយាល័យវិវាទការងារ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា លោកបានទទួលពាក្យបណ្ដឹងរួចហើយ ពីក្រុមកម្មករ និងសហជីពទាំងនេះ ហើយនឹងចុះទៅដោះស្រាយធ្វើការសួរនាំភាគីទាំង២ នៅសប្ដាហ៍ក្រោយ។
ជុំវិញបញ្ហាដដែលនេះ លោក ងួន សឿ អនុប្រធាននាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា បញ្ហាវិវាទការងារ និងបុគ្គល នៅតាមបណ្ដាខេត្ត គឺជាការទទួលបន្ទុករបស់មន្ទីរការងារ។
លោកបញ្ជាក់ថា បញ្ហាដែលកើតឡើងនៅតាមរោងចក្រកាត់ដេរ គឺមានវិវាទ២ គឺវិវាទការងារ និងវិវាទបុគ្គល ហើយបើវិវាទទាំង២នេះ មិនត្រូវបានសម្របសម្រួល និងដោះស្រាយឲ្យបានចប់ ពីមន្ទីរការងារនោះទេ ភាគីម្ខាងអាចប្ដឹងទៅកាន់តុលាការ។ ដោយឡែក មន្ទីរការងារ បានត្រឹមតែធ្វើរបាយការណ៍មកក្រុមប្រឹក្សាអាជ្ញាកណ្ដាលជាប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅក្រុមហ៊ុន «ខាយណេង» មានកម្មករជាង១២,០០០នាក់ ដែលកំពុងបម្រើការនាពេលបច្ចុប្បន្ននេះ។ ដោយឡែកលោក សឿន រ៉ាវុធ មិនអាចសុំការបកស្រាយបានទេ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង៕