(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុម័តរួចរាល់ហើយលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្តី។
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ត្រូវបានរៀបចំជាថ្មីជំនួសច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីឆ្នាំ១៩៩៤។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំដោយផ្អែកលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីឆ្នាំ១៩៩៤ ព្រមទំាងបទពិសោធន៍ និងប្រសិទ្ធភាពនៃកិច្ចដំណើរការគណៈរដ្ឋមន្រ្តីនាពេលកន្លងមក។
បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណបក្សរដ្ឋមន្ត្រី បានឲ្យដឹងថា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ដែលបានរៀបចំជាច្បាប់ថ្មី រួមមាន ៩ជំពូក និង៤៩មាត្រា ដែលមានខ្លីសារសំខាន់ៗដូចខាងក្រោម៖
* ជំពូកទី១៖ ស្តីពីបទប្បញ្ញត្តិទូទៅ មាន០៣មាត្រា៖ បញ្ញត្តអំពីគោលបំណង គោលដៅ និងវិសាលភាពនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី។
* ជំពូកទី២៖ ស្តីពីសមត្ថកិច្ច និងសមាសភាពគណៈរដ្ឋមន្ត្រី មាន០៩មាត្រា៖ ជំពូកនេះ បានដាក់បញ្ចូលនូវខ្លឹមសារស្ទើរទំាងស្រុកនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីឆ្នំា១៩៩៤ ដោយគ្រាន់តែធ្វើការកែសម្រួលពាក្យពេចន៍ និងខ្លឹសារតិចតួច។ ទន្ទឹមនេះ បានបន្ថែមនូវបទប្បញ្ញត្តិថ្មីចំនួន០២ ពាក់ព័ន្ធនឹងវិសមិតភាពនៃមុខងារជាសមាជិករាជរដ្ឋាភិបាល និងការទទួលបាននូវប្រាក់បំណាច់មុខងាររបស់សមាជិករាជរដ្ឋាភិបាល។
* ជំពូកទី៣៖ ស្តីពីគណៈរដ្ឋមន្រ្តី សមត្ថកិច្ចរបស់នាយរដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល មាន ២១មាត្រា។ ជំពូកនេះ បានដកស្រង់បទប្បញ្ញត្តិមួយចំនួនពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី១៩៩៤ ហើយបន្ថែមនូវបទប្បញ្ញត្តិមួយចំនួនទៀតពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល ឲ្យស្របតាមស្ថានភាពបច្ចុប្បន្ន។
* ជំពូកទី៤៖ ស្តីពីទីស្តីការគណៈរដ្ឋមន្រ្តី មាន០៩មាត្រា៖ បញ្ញត្តអំពីការបង្កើត និងការដឹកនំា គ្រប់គ្រងទីស្តីការគណៈរដ្ឋមន្រ្តី។
* ជំពូកតី៥៖ ស្តីពីការបង្កើតក្រសួង មាន០៩មាត្រា៖ បញ្ញត្តអំពីការបង្កើតក្រសួង តួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្រ្តីក្នុងការដឹកនំា គ្រប់គ្រងក្រសួង ការធានានិរន្តរភាពការងាររបស់ក្រសួង និងការដោះស្រាយវិវាទសមត្ថកិច្ចរបស់ក្រសួងពីរ ឬច្រើន។
* ជំពូកតី៦៖ ស្តីពីការបង្កើតស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងយន្តការនានា មាន០៣មាត្រា៖ ជំពូកនេះ បញ្ញត្តអំពីសមត្ថកិច្ចរបស់រដ្ឋាភិបាលក្នុងការស្នើសុំបង្កើត ឬអាចបង្កើតស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងយន្តការនានា ដើម្បីបំពេញការងា តាមការចំបាច់។
* ជំពូកទី៧៖ ស្តីពីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តីប្រឹក្សា និងជំនួយការ មាន០៤មាត្រា៖ បញ្ញត្តអំពីរដ្ឋមន្រ្តីប្រតិភូងមនាយរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការដែលមិនមែនជាសមាជិករាជរដ្ឋាភិបាល ហើយក៏មិនមែនជាមន្ត្រីមុខងារសាធារណៈ។
* ជំពូកទី៨៖ ស្តីពីអន្តរប្បញ្ញត្ត មាន០១មាត្រា៖ បញ្ញត្តអំពីការបន្តអានុភាពអនុវត្តនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទំាងឡាយពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ករណីមិនមានច្បាប់ និងលិខិតបតដ្ឋានគតិយុត្តថ្មីមកជំនួស។
* ជំពូកតី៩៖ ស្តីពីអវសានប្បញ្ញត្ត មាន០៤មាត្រា៖ បញ្ញត្តអំពីការអនុវត្តច្បាប់នេះចាប់ពីនីតិកាលតី៦ នៃរដ្ឋសភាតទៅ និងការទុកជានិរាករណ៍នូវច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីឆ្នំា១៩៩៤ ច្បាប់ស្តីពីវិសោធនកម្មមាត្រា២៨ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីឆ្នំា១៩៩៤ និងច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី និងការប្រកាសឲ្យប្រើសេចក្តីព្រាងច្បាប់នេះជាការប្រញាប់។
ច្បាប់នេះស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី មានគោលបំណងធានាប្រសិទ្ធភាពការងាររបស់គណៈរដ្ឋមន្ត្រី ជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអង្គការនីតិប្រតិបត្តិបានដូចបានបញ្ញត្តនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះមានគោលដៅកំណត់អំពីសមាសភាព សមត្ថកិច្ច និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្រ្តីដែលជារជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕