(ភ្នំពេញ)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈម និងចំណុចខ្លាំង ចំណុចខ្សោយ ដែលបានជួបប្រទះក្នុងអនុវត្តការងាររយៈពេល០៤ខែ ដើមឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍។
កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក តាំង ស៊ុយឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក លោកស្រី ដែលជាអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងរបាយការណ៍របស់លោក តាំង ស៊ុយឡាយ បានឲ្យដឹងថា រយៈពេល០៤ខែដើមឆ្នាំនេះ លទ្ធផលការងារដែលសម្រេចបានមានភាពល្អប្រសើរច្រើន បើប្រៀបធៀបនឹងឆ្នាំកន្លងទៅ តែទោះជាយ៉ាងណា ក៏នៅមានបញ្ហាប្រឈមសេសសល់មួយចំនួន ដែលត្រូវដោះស្រាយបន្ដទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារ ឲ្យកាន់តែប្រសើរឡើង និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋក្នុងការផ្ដល់សេវាយុត្តិធម៌។
ប្រធានសាលាដំបូងរូបនេះ បានគូសបញ្ជាក់ថា ក្នុងឆ្នាំកន្លងមកនេះ មន្ដ្រីទាំងអស់របស់សាលាដំបូង ទាំងផ្នែកតុលាការ ទាំងផ្នែកអយ្យការអមសាលាដំបូង រួមទាំងលេខាធិការដ្ឋានរដ្ឋបាល បានខិតខំបំពេញការងារប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
របាយការណ៍បូកសរុបលទ្ធផលការងារ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រយៈពេល៤ខែដំបូង ក្នុងឆ្នាំ២០១៨ បានបង្ហាញថា ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌរួមមាន៖ សំណុំរឿងសល់ពីមុន ចំនួន២,៨៤៤រឿង, សំណុំរឿងចូលថ្មី ចំនួន២,៦៧៧រឿង, សំណុំរឿងទាំងអស់ ចំនួន៥,៥២១រឿង, សំណុំរឿងចាត់ការរួច ២,៦៨៦រឿង និងសំណុំរឿងកំពុងចាត់ការ ចំនួន២,៨៣៥រឿង៕