(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា លោក ប៉ាន សូរស័ក្តិ និងអនុរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់វៀតណាម លោក ដូ ថាំងហាយ បាន មើលឃើញដូចគ្នាថា ការពង្រីកទំហំពាណិជ្ជកម្មឲ្យបានកាន់តែខ្ពស់រវាងប្រទេសទាំងពីរជារឿងល្អ ដែលមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចជាតិ ប៉ុណ្ណោះទេ តែជួយឲ្យប្រជាពលរដ្ឋមានការងារធ្វើច្រើន និងមានជីវភាពកាន់តែប្រសើរ។ លោក ប៉ាន សូរស័ក្តិ និងលោក ដូ ថាំងហាយ បានបង្ហាញជំហររួមគ្នាថា នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញកំណើនពាណិជ្ជកម្មឲ្យបានដល់ ៥,០០០លានដុល្លារ នាពេលខាង ស្រប់តាមបំណងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។
ការប្តេជ្ញារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញពាណិជ្ជកម្មរវាងលោក ប៉ាន សូរស័ក្តិ និងលោក ដូ ថាំងហាយ បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងពាណិជ្ជកម្មកម្ពុជា។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍ និងបានជម្រាបគណៈប្រតិភូវៀតណាម អំពីការរីកចម្រើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព វិបុលភាព និងវឌ្ឍនភាពគ្រប់ទីកន្លែង។ លោករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ កំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបានគិតជាមធ្យម ៧% រៀងរាល់ឆ្នាំ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
លោកអនុរដ្ឋមន្ត្រី ដូ ថាំងហាយ បានសម្ដែងការកោតសរសើរដល់ការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់កម្ពុជា។ លោក ក៏បានបញ្ជាក់ ជំហរយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែរីកចម្រើនថែមទៀត សំដៅសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ៥,០០០លានដុល្លារសហរដ្ឋអាមេរិក រវាងប្រទេសទាំងពីរនៅបណ្ដាឆ្នាំខាងមុខ។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នកម្ពុជា កំពុងក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិ និងភ្ញៀវទេស ចរគ្រប់ជាតិសាសន៍លើពិភពលោក។
បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា មានកំណើនថេរក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ពោលគឺមានតម្លៃចន្លោះពី ១,៧ប៊ីលាន ទៅ ២ប៊ីលានដុល្លារសហអាមេរិក ហើយកាលពីឆ្នាំ២០១៦ ប្រទេសវៀតណាម បានឈរនៅលេខរៀងទី៣ ជាមួយទុនវិនិយោគ ១៩២លានដុល្លារអាមេរិក គឺបន្ទាប់ពីប្រទេសចិន និងរដ្ឋបាលពិសេសហុងកុង។
កំណើននៃលំហូរ FDI ទាំងអស់នេះ បានបង្កើតឱកាសការងារយ៉ាងច្រើន និងប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់ប្រជាជន ហើយនឹងប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ ២០៥០។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយជាទឹកប្រាក់ ៤៤ពាន់លានដុង ឬ ជាង ២លានដុល្លារសហរដ្ឋអាមេរិក តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីសាងសង់ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាមលើកដំបូង ឈ្មោះថា «ផ្សារដា» នៅលើផ្ទៃដីទំហំជិត ២ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ភាគីទាំងពីរប្ដេជ្ញាជំរុញដោះស្រាយរាល់បញ្ហានានា ដើម្បីការសាងសង់ផ្សារគំរូនេះ ឲ្យចប់ជាស្ថាពរនៅចុងឆ្នាំ២០១៨៕