(ចិន)៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានចូលរួមវេទិកាស្តីពីស្ថិរភាពហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលរៀបចំឡើងដោយសម្ព័ន្ធសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ និងព័ត៌មានវិទ្យានៅទីក្រុងហុងកុង ប្រទេសចិន។
វេទិកា FinTech ប្រព្រឹត្តិឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ដោយមានអ្នកចូលរួមប្រមាណ ១០០នាក់ មកពីស្ថាប័នផ្សេងៗ ក្នុងនោះក៏មានការចូលរួមពីអ្នកជំនាញ FinTech អ្នករៀបចំគោលនយោបាយ, និយ័តករ, គ្រឹះស្ថានហិរញ្ញវត្ថុ, ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងអ្នកសារព័ត៌មានពីតំបន់អាស៊ីនិងជុំវិញពិភពលោកទៀតផង។
គោលបំណងនៃវេទិកានេះ ធ្វើឡើងដើម្បីផ្ដល់ឱកាសដល់អ្នកចូលរួម បានពិភាក្សាកំណត់ វាយតម្លៃពីបញ្ហាប្រឈមស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ និងដំណោះស្រាយ ដើម្បីលើកកម្ពស់ ព្រមទាំងពង្រឹងបទដ្ឋានដំណើរការ និងការរៀបចំការប្រឆាំងការសម្អាតប្រាក់ ការផ្ទេរប្រាក់ខុសច្បាប់ នៃមូលនិធិឧក្រិដ្ឋកម្ម ការពង្រឹងការការពារឧក្រិដ្ឋកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅធានាស្ថិរភាពហិរញ្ញវត្ថុ និងប្រសិទ្ធភាពប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈទូរស័ព្ទចល័ត ព្រមទាំងបង្កើនភាពងាយស្រួលដល់អតិថិជន និងអន្តរការីហិរញ្ញវត្ថុ៕