(ភ្នំពេញ)៖ ម្ចាស់ក្រុមហ៊ុនអាជីវកម្មជាច្រើនក្នុងប្រទេសកម្ពុជាបានមើលឃើញថា ពួកគេអាចទទួលបានអត្ថប្រយោជន៍ច្រើនពីយុទ្ធសាស្រ្ត «ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន»។ ក្រៅពីផលចំណេញដល់ក្រុមហ៊ុនហើយនោះ នៅមានអត្ថប្រយោជន៍ជាច្រើនទៀត បានផ្តល់ទៅឲ្យធនធានមនុស្សរបស់ពួកគេ និងការផ្តល់ភាពជាគំរូទៅឲ្យសង្គមផងដែរ។
ក្នុងន័យនេះម្ចាស់ក្រុមហ៊ុនបានទទួលស្គាល់ថា ការបង្កើត «ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន» គឺមិនមែនដើម្បីតែផ្តល់ប្រយោជន៍ដល់ម្ចាស់ភាគហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែការយកចិត្តទុកដាក់លើការរៀបចំគម្រោងគោលនយោបាយ និងកម្មវិធី «ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន» អាចជួយក្រុមហ៊ុនបង្កើតប្រភពធនធាន និងប្រាក់ចំណេញ។ ក្រុមហ៊ុនក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតពីយុទ្ធសាស្ត្រនេះមានដូចជា ការសន្សំសំចៃដោយផ្ទាល់ និងប្រយោល ពង្រឹងចំណងទាក់ទង បង្កើត និងបង្កើនធនធានមនុស្ស ក៏ដូចជាកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនផងដែរ។
អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ លោក សុង សារ៉ន បានឲ្យដឹងថា ក្រុមហ៊ុនលោក បានទទួលការសាទរពីសំណាក់អតិថិជន និងដៃគូសហការទាំងរដ្ឋាភិបាល និងសង្គមស៊ីវិល ក្រោយពេលអនុវត្តនូវកម្មវីធីទំនួលខុសសង្គមរបស់ក្រុមហ៊ុន។
លោក បានបញ្ជាក់ថា «ក្រុមហ៊ុនយើងទទួលបាននូវការគាំទ្រច្រើនពីទីផ្សារអន្តរជាតិ ហើយយើងទទួលបានការវិនិយោគច្រើនពីក្រុមហ៊ុន ដែលមានគំនិតប្រហាក់ប្រហែលយើង»។
អគ្គនាយិកាក្រុមហ៊ុនលីលីផលិតនំស្រួយ លោកស្រី កែវ មុំ បានឲ្យដឹងថា ក្រៅពីកិត្យានុភាពល្អ និងវឌ្ឍនភាពយូរអង្វែងរបស់ក្រុមហ៊ុន ការអនុវត្តគោការណ៍ទទួលខុសត្រូវសង្គមរបស់សាជីវកម្ម (Corporate Social Responsibility-CSR) ពិតប្រាកដបានផ្តល់ការងារសមរម្យ បង្កើនចំណូលដល់កម្មករនិយោជិក បង្កើនចំណេះដឹង តាមការផ្តល់ឱកាសបណ្តុះបណ្តាល បូករួមទាំងការគាំពាសុខភាព និងសុវត្ថិភាពអំឡុងពេលប្រតិបត្តិការងារផងដែរ។
លោកស្រីបញ្ជាក់ដូច្នេះ «បច្ចុប្បន្នក្រុមហ៊ុនលីលី គឺតែងតែគិតច្រើនទៅលើរឿងទំនួលខុសសង្គមរបស់ក្រុមហ៊ុនហ្នឹង ទាំងថវិកា ហើយយើងមានគម្រោងចំណាយថវិកាអនុវត្តគម្រោងផ្សេងៗ ឬក៏ជួយបណ្តុះបណ្តាលដល់បុគ្គលិកកម្មករ ដោយយើងចែករំលែកនូវបទពិសោធន៍របស់យើងទៅដល់ឧស្សាហករផ្សេងទៀត»។
ចំណែកស្ថាបនិកនៃក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ (KOC) លោក អៀង សុធារ៉ា បានឲ្យដឹងថា ដំបូងឡើយស្ថាប័នលោកបានគិតពីពាក្យ CSR ហើយក្នុងនោះថ្នាក់ដឹកនាំស្ថាប័ន បានផ្តោតទៅលើ៣ចំណុចធំៗ គឺកត្តាមនុស្ស ភពផែនដី ឬបរិស្ថាន និងកត្តានិរន្តភាពរបស់អាជីវកម្ម។
អ្នកជំនួញរូបនេះបន្ថែមថា ការគោរពតាមគោលការណ៍ CSR នេះ គឺមិនមែនជារឿងអ្វីដែលថ្មីនោះទេ ដោយអ្វីដែលមានក្នុងទ្រឹស្តី CSR គឺធ្លាប់ឃើញមានចែងនៅក្នុងព្រះពុទ្ធសាសនា កន្លងមកហើយ។
លោកថា «ក្រុមហ៊ុនដែលមានលក្ខណៈ CSR ឬការរកស៊ីតាមបែបព្រះពុទ្ធសាសនាសម្រាប់រយៈពេលខ្លី គឺយើងមើលអត់ឃើញទេ ប៉ុន្តែសម្រាប់រយៈពេលវែង យើងនឹងឃើញថា ក្រុមហ៊ុនដែលអនុវត្តតាមបែបព្រះពុទ្ធសាសនា ឬក៏CSRនឹងមានអនាគតរុងរឿងជាងក្រុមហ៊ុន មិនអនុវត្តតាមព្រះពុទ្ធសាសនា ឬ CSR ហ្នឹង»។
សូមបញ្ជាក់ថា CSR ជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនទៅលើសង្គម។ នេះបើយោងតាមឯកសារស្តីពីទំនួលខុសត្រូវសង្គមនៅកម្ពុជា ដែលបោះពុម្ពក្នុងឆ្នាំ២០១៦ ដោយអង្គការDPA។
គិតរហូតមកដល់ពេលនេះ មានក្រុមហ៊ុនគំរូជាង១០ ដែលបានចងក្រងក្នុងការអនុវត្ត CSR ហើយវាពិតជាទទួលបានការរីកចម្រើនយ៉ាងខ្លាំង៕