(សិង្ហបុរី)៖ ជំនួបជាប្រវត្តិសាស្រ្តរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលត្រូវបានជ្រើសរើសទីតាំងដើម្បីប្រារព្ធឡើងនៅឯប្រទេសសិង្ហបុរី គឺជាការបោះជំហានដ៏អស្ចារ្យមួយ នៅលើដងវិថីឆ្ពោះទៅកាន់សន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។
ការលើកឡើងខាងលើនេះ ត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បន្ទាប់ពីលោក ដូណាល់ ត្រាំ នៅទីបំផុតបានបង្ហើបឲ្យពិភពលោកដឹងថា កិច្ចប្រជុំដែលគ្រប់ៗគ្នាបានទន្ទឹងរង់ចាំយ៉ាងអន្ទះអន្ទែងនោះ រវាងរូបលោកផ្ទាល់ និងលោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ខណៈដែលព័ត៌មានថ្មីមួយទើបចេញផ្សាយផងដែរថា លោក ត្រាំ បានប្រាប់ទីតាំងនេះទៅលោក មូន ជែអ៊ីន កាលពីមួយសប្តាហ៍មុនរួចទៅហើយ។
គួរជម្រាបថា ភ្លាមៗបន្ទាប់ពីបានដឹងលឺព័ត៌មានខាងលើនេះ ក្រសួងការបរទេសសិង្ហបុរី ក៏បានចេញមុខបញ្ជាក់ថា កិច្ចប្រជុំរបស់លោក ត្រាំ និងលោក គីម នឹងធ្វើឡើងនៅក្នុងប្រទេសអាស៊ានមួយនេះ។ ក្រសួងកិច្ចការបរទេសសិង្ហបុរី បានលើកឡើងយ៉ាងដូច្នេះថា «ប្រទេសសិង្ហបុរីមានក្តីរីករាយជាខ្លាំង ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរវាងមេដឹកនាំប្រទេសទាំងពីរ នៅថ្ងៃទី១២ ខែមិថុនា ហើយយើងសង្ឃឹមថា ជំនួបនេះនឹងជួយលើកស្ទួយដល់លទ្ធភាព នៃការកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ៕