(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងនីតិរដ្ឋ និងរចនាសម្ព័ន្ធលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថែរក្សាសន្តិភាព និងស្ថេរភាព ព្រមទាំងការរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ នៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី បានអះអាងបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញជាគណៈអធិបតីជាមួយលោក ហ្សច អេតហ្គា ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា នៅក្នុងទិវាអឺរ៉ុបឆ្នាំ២០១៨ ដែលរៀបចំឡើងនៅសណ្ឋាគារឡឺរ៉ូយាល់ នៅរាត្រីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អង្គទូតនៃបណ្តាប្រទេសជាមិត្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហគមន៍អឺរ៉ុប ដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននូវភាពអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» ដល់ប្រទេសកម្ពុជា ដែលបានលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេសឲ្យចូលមកបណ្តាក់ទុន ដើម្បីបង្កើតការងារ និងប្រាក់ចំណូលសម្រាប់កម្មករ-កម្មការនី ជាង ៧សែននាក់ ដែលភាគច្រើនគឺជាស្ត្រី។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលធ្វើឡើងតាមរយៈយន្តការគណៈកម្មការចម្រុះកម្ពុជា និងសហគមន៍អឺរ៉ុប នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរ អាចធ្វើការផ្លាស់ប្តូរទស្សនៈដោយសេរី និងដោះស្រាយបញ្ហាប្រឈមផ្សេងៗទាក់ទិនវិស័យអទិភាពទាំងឡាយ ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគ។ លើសពីនេះលោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់គណៈកម្មការចម្រុះ បន្តពិភាក្សា និងដោះស្រាយបញ្ហាដែលនៅសេសសល់ ដើម្បីធានាបាននូវលទ្ធផលកាន់តែប្រសើរ សំដៅចូលរួមរក្សាស្ថេរភាព សន្តិភាព និងការរីកចម្រើនក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា ទិវាអឺរ៉ុប ជាខួបប្រវត្តិសាស្ត្រនៃសេចក្ដីប្រកាស «Schuman» ដែលប្រារព្ធឡើងរៀងរាល់ឆ្នាំក្នុងប្រទេសជាសមាជិកអឺរ៉ុប ក្នុងគោលបំណងរំឭកដល់ការដួលរលំនៃចក្រពត្តិនិយមណាស៊ីសអាល្លឺម៉ង់ និងអបអរសន្តិភាពក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ ព្រមទាំងសាមគ្គីភាពនៅក្នុងទ្វីបអឺរ៉ុប។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ទិវានេះតែងត្រូវបានរៀបចំឡើង ដើម្បីបង្កើនការផ្លាស់ប្ដូរវប្បធម៌-ប្រពៃណី និងទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងប្រជាជនអឺរ៉ុប ព្រមទាំងជំរុញកិច្ចសហការលើវិស័យនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី៕