(ភ្នំពេញ)៖ កម្លាំងមន្ត្រីជំនាញរបស់ស៊ីម៉ាក់ បានដោះបន្សាបដោយជោគជ័យ គ្រាប់បែកទម្លាក់ពីលើយន្តហោះអាមេរិក ប្រភេទ MK82 បន្សល់ទុកកាលពីសម័យសង្គ្រាមចំនួន៣គ្រាប់ ក្នុងខេត្តព្រៃវែង។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា គ្រាប់បែកទាំង៣គ្រាប់នោះត្រូវបានរកឃើញនៅ៣ទីតាំងផ្សេងគ្នាក្នុងខេត្តព្រៃវែង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ គ្រាប់បែក២គ្រាប់ត្រូវបានរកឃើញ ក្នុងភូមិ២ផ្សេងគ្នាក្នុងភូមិសាស្ត្រស្រុកពាមរក៌ និង១គ្រាប់ទៀតត្រូវបានរកឃើញនៅស្រុកបាភ្នំ។
លោកថា គ្រាប់បែកនេះបានសម្ងំលាក់ខ្លួនក្នុងដីកម្ពុជាជិត៥០ឆ្នាំមកហើយ។ លោកធ្លាប់បានបញ្ជាក់ថា ឲ្យតែប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ គឺជារបស់អាមេរិក។
យ៉ាងណាគ្រាប់បែកទាំង៣គ្រាប់នោះ ត្រូវបានជំនាញស៊ីម៉ាក់បន្សាប និងដឹកយកទៅទុកនៅបញ្ជាការដ្ឋានស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ កម្លាំងជំនាញរបស់ស៊ីម៉ាក់ បានរកឃើញ និងដោះបន្សាបគ្រាប់បែកប្រភេទ MK ដែលទម្លាក់ពីលើយន្តហោះបានជាច្រើនគ្រាប់ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង តាកែវ កណ្តាល ក្រចេះ និងកំពង់ឆ្នាំ៕