(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Slickbooth Holding Co.,Ltd នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយបន្ត នៃពិព័រណ៍ទេសចរណ៍កម្ពុជា-អន្តរជាតិ Cambodia Travel Mart (CTM) លើកទី២ ដែលគ្រោងធ្វើនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ។
ពិធីខាងលើនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក សូ ម៉ារ៉ា រដ្ឋលេខាធិការតំណាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពី តំណាងស្ថាប័នរដ្ឋ ផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ជាច្រើនទៀត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារ និងសាលសន្និសីទសុខា សៀមរាប។
ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ Cambodia Travel Mart «CTM» 2018 ជាវេទិកាជួបជុំក្នុងការធ្វើធុរៈកិច្ចទេសចរណ៍ រវាងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក ជាមួយក្រុមហ៊ុនទេសចរណ៍អន្តរជាតិនានា ដែលជាប្រភពទីផ្សារគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា រួមមានអ្នកទិញ (Buyers) ជាតិ-អន្តរជាតិ, ពាណិជ្ជករ ជាអ្នកផ្តល់សេវាកម្មជាតិ និងអន្តរជាតិ (Sellers) សរុបប្រមាណ៧០០ក្រុមហ៊ុន។
ជាមួយគ្នានេះ ក៏មានការចូលរួមពីស្ថាប័នទេសចរណ៍ជាតិនានា របស់ប្រទេសអាស៊ាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនទៀត ដើម្បីទិញលក់ កញ្ចប់ទស្សនកិច្ច នៃសេវាកម្មទេសចរណ៍ ផ្លាស់ប្តូរចែករំលែកបទពិសោធន៍ និងបង្កើតភាពជាដៃគូក្នុងធុរៈកិច្ចជាមួយគ្នា សំដៅអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ព្រឹត្តិការណ៍ខាងលើនេះ មានកម្មវិធីសំខាន់ៗជាច្រើនដូចជា ការណាត់ជួបពិភាក្សាក្នុងធុរៈកិច្ចតាមប្រព័ន្ធ Online, សិក្ខាសាលាអំពីប្រធានបទផ្សេងៗ ពាក់ព័ន្ធវិស័យទេសចរណ៍, ដំណើរកំសាន្ត និងការដាក់តាំងបង្ហាញអំពីផលិតផល និងសេវាកម្មទេសចរណ៍នានា។ ពិព័រណ៍ CTM ឆ្នាំ២០១៨ នឹងទទួលបានអ្នកផ្តល់សេវាកម្ម (Sellers) ជាតិ និងអន្តរជាតិ ប្រមាណជាង៥០០នាក់ ពាណិជ្ជករជាអ្នកទិញ (Buyers) អន្តរជាតិប្រមាណជាង ២៥០នាក់ និងសារពត៌មានជាតិ អន្តរជាតិប្រមាណ៥០នាក់ផងដែរ ដើម្បីចូលរួមព្រឹត្តិការណ៍ដ៏មហាអស្ចារ្យមួយនេះ។
ពិព័រណ៍ទេសចរណ៍កម្ពុជា-អន្តរជាតិ Cambodia Travel Mart «CTM» 2018 ទទួលបានការអនុញ្ញាតឲ្យរៀបច ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួងទេសចរណ៍ ទទួលភារកិច្ចជាអ្នកដឹកនាំរៀបចំ និងការគាំទ្រយ៉ាងពេញទំហឹង ពីស្ថាប័នរដ្ឋ និងផ្នែកឯកជននានា រួមសហការជាមួយ ក្រុមហ៊ុនរៀបចំពិព័រណ៍ពីប្រទេសកម្ពុជា ស្លីកប៊ូស ហូលឌីង (SlickBooth Holding, Co., Ltd) និងក្រុមហ៊ុន TTG Asia Media & Events ពីប្រទេសសឹង្ហបុរី ដែលមានជំនាញរៀបចំពិព័រណ៍ទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញ នៅលើពិភពលោកជាង៣០ឆ្នាំមកហើយ។
ក្រុមហ៊ុន TTG ធានានឹងផ្គត់ផ្គង់ពាណិជ្ជករអន្តរជាតិជាអ្នកទិញ (Buyers) ដែលសុទ្ធជាអ្នកជំនាញហើយមានផែនការអភិវឌ្ឍន៍នាំ ទេសចរមកកាន់ទីផ្សារកម្ពុជា និងបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមបណ្តាញភ្នាក់ងារសារព័ត៌មានអន្តរជាតិ និងប្រព័ន្ធ Online ប្រកបដោយគុណភាពជាទីទុកចិត្ដ។ លើសពីនេះ ទៅទៀត «CTM 2018» ក៏បានទទួលការគាំទ្រពីបណ្តាសមាគមពាក់ព័ន្ធដូចជា សហព័ន្ធទេសចរណ៍កម្ពុជា, សមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា, សមាគមសណ្ឋាគារកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច ផងដែរ។
លោក សូ ម៉ារ៉ា បានថ្លែងថា ក្រោមម្លប់សន្តិភាពដ៏រឹងមាំរបស់កម្ពុជា ធ្វើឲ្យវិស័យទេសចរណ៍កម្ពុជា មានការអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង៥,៦លាននាក់ កើនឡើង១១% ហើយរយៈពេល២ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិ១លាននាក់ កើន១១%ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ហើយសង្ឃឹមថា ឆ្នាំ២០១៨ទាំងមូលនឹងទទួលបាន៦,១ លាននាក់។
ឆ្លៀតឱកាសនេះ លោក សូមស្វាគមន៍ និងអញ្ជើញក្រុមហ៊ុនទេសចរណ៍ជាតិ និងអន្តរជាតិមេត្តាផ្តល់ការគាំទ្រ និងចូលរួមព្រឹត្តិការណ៍ខាងលើ ដើម្បីចាប់យកឱកាសធ្វើការអភិវឌ្ឍន៍អាជីវកម្មទេសចរណ៍របស់ខ្លួន ឲ្យកាន់តែមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ពិសេសរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែវិវត្តន៍ទៅមុខ៕