(កណ្ដាល)៖ ព្រះសង្ឃចំនួន០៩អង្គ គង់នៅវត្តព្រះនាគ ស្ថិតក្នុងភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល និងក្មេង០២នាក់ បានពុលភេសជ្ជៈ «AD» ក្រោយឆាន់ និងហូប មិនបានប៉ុន្មានម៉ោង ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចស្រុកអង្គស្នួល បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ព្រះសង្ឃទាំង០៩អង្គ និងក្មេង០២នាក់ បានវិលត្រឡប់ទៅវត្តព្រះនាគ និងផ្ទះវិញអស់ហើយ។
ព្រះចៅអធិការវត្ត ព្រះនាម ឡុច យ៉ាន បានមានសង្ឃដីកាថា ដំបូងឡើងមានញោម (ឪពុកម្ដាយ) របស់ព្រះសង្ឃ ឈ្មោះ ឯម ផល្លា និងប្រពន្ធឈ្មោះគួយ ចិន្តា នៅភូមិកណ្តាល ឃុំឆក់ឈើនាង បានទិញភេជ្ជៈប្រភេទ AD ចំនួន០១យួរស្មើ០៦ដប បន្ទាប់មកព្រះសង្ឃនេនតូចៗ ក៏បានទិញថែមទៀត ពីតូបលក់របស់ឈ្មោះ សែ ធួន ភេទប្រុស អាយុ៣៥ឆ្នាំ យកទៅប្រគេនព្រះសង្ឃត្រូវជាកូនគង់នៅវត្តព្រះនាគ។
ក្រោយឆាន់ហើយមិនបានប៉ុន្មានផង ស្រាប់តែព្រះសង្ឃ០១អង្គ មានអការៈវិលមុខ ក្អួតចង្អោរ ហើយញោមលោកក៏ដឹកទៅព្យាបាលនៅពេទ្យឯកជន នៅភូមិអង្គចក សង្កាត់កំបូល។ ប៉ុន្មានម៉ោងក្រោយមក ស្រាប់តែបន្ដមានព្រះសង្ឃចំនួន០៣អង្គ មានអាការៈចុកពោះ វិលមុខ ក្អួតចង្អោរ និងមានមួយអង្គសន្លប់ បន្ដមកទៀត ក៏មានព្រះសង្ឃចំនួន០៥អង្គទៀត ចាប់ផ្តើមវិលមុខក្អួតចង្អោរ ត្រូវបានចាត់ចែងដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គស្នួល។
បើតាមព្រះចៅអធិការ មកដល់ម៉ោង១០យប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ព្រះសង្ឃដែលពុលភេជ្ជៈ AD បានធូស្បើយជាបណ្តើរៗ ពុំមានរងគ្រោះដល់ជីវិតនោះទេ ហើយមកដល់វេលាម៉ោង១០ព្រឹកមិញនេះ ព្រះសង្ឃទាំង០៩អង្គ និងក្មេង០២នាក់ បានជាសះស្បើយ ហើយវិលទៅវត្តព្រះនាគ និងទៅផ្ទះវិញអស់ហើយ៕