(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០១៨នេះ បានសម្រេចចុះបញ្ជីគណបក្សថ្មីមួយទៀតហើយ គឺ «គណបក្សប្រជាធិបតេយ្យថ្មី» ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចនេះ។

បើតាមសេចក្ដីសម្រេចនេះ គណបក្សប្រជាធិបតេយ្យថ្មី​ សរសេរជាអក្សរកាត់ (គ.ប.ថ) ដែលមានអាសយដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខ G.០៦ ផ្លូវលេខមហា G ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រសួងមហាផ្ទៃ បញ្ជាក់ថា គណបក្សប្រជាធិបតេយ្យថ្មី ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្ដនានជាធរមាន និងលក្ខនិ្ដកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ៕