ក្រុមហ៊ុនធំមួយរបស់វៀតណាម ចង់បោះទុន១ពាន់លានដុល្លារ វិនិយោគលើការដាំដុះបន្លែ និងផ្លែឈើសម្រាប់នាំចេញ និងការផ្គត់ផ្គង់ទេសចរក្នុងស្រុក!
10-05-2018 20:22
(ភ្នំពេញ)៖ ក្រុមហ៊ុនដ៏ធំមួយរបស់វៀតណាម គឺក្រុមហ៊ុន FLC Group ចង់បោះទុនទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ វិនិយោគលើការដាំដុះបន្លែ និងផ្លែឈើសម្រាប់នាំចេញ និងការផ្គត់ផ្គង់ទេសចរក្នុងស្រុកប្រទេសកម្ពុជា។
គម្រោងវិនិយោគនេះ ត្រូវបានបង្ហាញឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសដែល លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ គណៈប្រតិភូវៀតណាម (ក្រុមហ៊ុនវៀតណាម FLC Group) ដែលមានបំណងចង់បោះទុនវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសណ្ឋាគារ បានចូលជួបពិភាក្សាការងារ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការពិភាក្សាបានផ្តោតជាសំខាន់ទៅលើ៖
១៖ ការបោះវិនិយោគលើការដាំដុះបន្លែ ម្ទេស និងផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញ និងការផ្គត់ផ្គង់ទេសចរក្នុងស្រុក។
២៖ ការកែឆ្នៃ និងវិចខ្ចប់ ផលិតផលកសិកម្ម នៅកម្ពុជាក្នុងគោលបំណងនាំចេញ។
លោកបញ្ជាក់ថា ទាក់ទងទៅនឹងផែនការវិនិយោគខាងលើ ក្រុមហ៊ុន បានបញ្ជាក់ថា បានត្រៀមទុន ចំនួន ប្រមាណជាមួយពាន់លានដុល្លារ ក្នុងការបោះទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ ខាងមុខនេះ៕