(តាកែវ)៖ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ តាមកម្មវិធី ដែលបានសម្របសម្រួលដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.) គណៈប្រតិភូអង្គការសង្គមស៊ីវិលចិន បានអញ្ជើញធ្វើទស្សនកិច្ចការងារនៅក្នុងខេត្តតាកែវ។ នាវេលាព្រឹក វ.ស.ស. និងគណៈប្រតិភូអង្គការសង្គមស៊ីវិលចិន បានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអំពីការដាក់ឲ្យអនុវត្តគម្រោងជំនួយចំនួន០៤ សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាននានាក្នុងខេត្ត ដែលនឹងអនុវត្តដោយអង្គការសង្គមស៊ីវិលកម្ពុជា នៅសាលាស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ជា វ៉ាន់ដេត តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និង លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ។
វ.ស.ស និងគណៈប្រតិភូអង្គការសង្គមស៊ីវិលចិន បានបន្តដំណើរទស្សនៈកិច្ចនៅតាមទីតាំងមូលដ្ឋានមួយចំនួននៅក្នុងស្រុកបាទីរួមមានសាលារៀននិងមណ្ឌលសុខភាព និងមន្ទីរពេទ្យភ្នែកនៅទីរួមខេត្តតាកែវ ដើម្បីពិនិត្យមើលទីតាំងអនុវត្តគម្រោងជាក់ស្តែង។
នារសៀលថ្ងៃដដែល គណៈប្រតិភូចិនបានចូលជួបពិភាក្សាការងារជាមួយលោក អ៊ូច ភា អភិបាលនៃគណអភិបាលខេត្តតាកែវ ដើម្បីស្វែងយល់ពីបទពិសោធន៍សម្រាប់ការអភិវឌ្ឍនៅក្នុងខេត្ត។ គណៈប្រតិភូចិនជឿជាក់ថា ជាមួយនឹងការសម្របសម្រួលរបស់ វ.ស.ស. បណ្តាញអង្គការសង្គមស៊ិវិលចិនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (CNIE) នឹងបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនាក់ទំនងរវាងវិស័យសង្គមស៊ីវិលទាំងពីរឲ្យកាន់តែស៊ីជម្រៅ សំដៅចូលរួមលើកស្ទួយជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕