(កំពត)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការលំហាត់បាញ់គ្រាប់ពិត «ហនុមានមាស២០១៨» បានលើកឡើងថា កងយោធពលខេមរភូមិន្ទ គ្រោងនឹងធ្វើលំហាត់បាញ់គ្រាប់ពិតនៅចុងខែឧសភា ខាងមុខនេះ គឺដើម្បីបង្កើនសមត្ថភាព និងដើម្បីត្រួតពិនិត្យសមត្ថភាពរបស់កងទ័ពកម្ពុជា។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងបែបនេះ ខណៈលោកបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីលានបាញ់គ្រាប់ពិត ស្ថិតនៅស្រុកជុំគិរី ខេត្តកំពត នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីសំណាក់នាយទាហាន ពលទាហានយ៉ាងច្រើនកុះករផងដែរ។
នាយឧត្តមសេនីយ៍ បានបន្តថា លំហាត់បាញ់គ្រាប់ពិតនេះមានឈ្មោះថា «ហនុមានមាសឆ្នាំ២០១៨» ធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងគោលបំណងចង់ត្រួតពិនិត្យអំពីសមត្ថភាព ការយល់ដឹងអំពីជំនាញរបស់នាយទាហានគ្រប់ថ្នាក់ ហើយនឹងសមត្ថភាពការយល់ដឹង អំពីកងយោធពលខេមរភូមិន្ទនៅគ្រប់បណ្តាអង្គភាព ក្នុងកិច្ចការពារបូរណភាពទឹកដី។ នេះគឺជាភារៈកិច្ចដ៏សំខាន់ ហើយក៏ជាការប្រគល់ភារៈកិច្ចដ៏ចំបង ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ដល់គណៈកម្មការ។
នាយឧត្តមសនីយ៍ ឥត សារ៉ាត់ បានបន្តទៀតថា «កងយោធពលខេមរភូមិន្ទ មានកម្មវិធីរបស់ខ្លួន ច្បាស់លាស់ ហើយលំហាត់ហនុមានមាសនេះ មិនមែនទើបតែលើកផែនការឥឡូវនេះទេ គឺលើកផែនការយូរមកហើយ ពោលគឺមួយឆ្នាំយើងលើកម្តង ដែលជាកាតព្វកិច្ចរបស់កងទ័ព ដើម្បីធ្វើក្នុងកិច្ចការងារការពារជាតិមាតុភូមិរបស់យើង វាមិនមែនធ្វើដើម្បីគំរាមកំហែង អ្នកណានោះទេ ផ្ទុយមកវិញ គឺដើម្បីបង្កើនសមត្ថភាព ដើម្បីត្រួតពិនិត្យសមត្ថភាពរបស់កងទ័ព ប្រសិនបើយើងមិនបានធ្វើ គឺមិនដឹងថា កងទ័ពយើងមានសមត្ថភាពប៉ុណ្ណា មានកម្លាំងរបៀបណា ចេះរបៀបណាទេ ទាំងការប្រើប្រាស់សព្វាវុធ ទាំងការចាត់ចែងបញ្ជាជាដើម»។
បើតាមនាយឧត្តមសេនីយ៍ «លំហាត់នេះ នឹងធ្វើនៅចុងខែ៥ ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរទេ ហើយធ្វើក្នុងរូបភាពកងពលតូចគ្រឿងយន្តអន្តរាគម ក្នុងរចនាសម្ព័ន្ធកងពលតូចអន្តរាគមន៍ មានពីរវរសេនាតូចរថពាសដែក មួយវរសេនាតូចរថក្រោះ T55 មួយវរសេនាតូចកាំភ្លើងធំ និងបង្កើនថែមឱ្យកាំភ្លើងយុទ្ធសាស្រ្ត BM21 RM70»។ មានលំហាត់ទីបញ្ជាការ សំខាន់ឲ្យបងប្អូនទាំងអស់ចេះធ្វើកិច្ចការងារសេនាធិការ ការងារដឹកនាំ ប្រព័ន្ធបញ្ជា ថ្នាក់កងពលតូច និងដឹកនាំបញ្ជាថ្នាក់កងពលតូច, លំហាត់ទីលាន មានស៊ើបការណ៍ មានវិស្វកម្មមានកាំភ្លើងធំបាញ់ ប្រុងប្រៀប កម្ទេចខ្មាំង ការបំបែបរូបភាព កម្ទេចរថក្រោះ រថពាសដែកខ្មាំង និងលំហាត់ចុងក្រោយ ផែនការទប់ទល់ខ្មាំងវាយបក»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមទៀតថា មកដល់ពេលនេះ ក្រុមការងារបានប្រុងប្រៀប ហើយ ទីលានលំហាត់នេះ គឺជាភូមិសាស្រ្តមួយថ្មី ដែលទើបតែមកបោះទីតាំង យើងហ្វឹកហ្វឺនបាញ់ពី ចំណុចភូមិ ត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ទៅតំបន់ភ្នំ៥០៣ ដែលជិតព្រំប្រទល់៣ខេត្ត កំពត កំពង់ស្ពឺ និងតាកែវ ដែលមានចម្ងាយពីទីតាំងបាញ់ប្រមាណ១២គីឡូម៉ែត្រ៕