(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រកាសមិនគាំទ្រចំពោះការធ្វើនយោបាយ ដោយសន្យាកាត់ទឹកដីឱ្យទៅជនជាតិដទៃ។ ជាមួយគ្នានេះ អ្នកក្រុងសែនមនោរម្យ បានទាមទារឱ្យតុលាការ កាត់ទោស លោក សម រង្ស៊ី ទៅតាមផ្លូវច្បាប់។

ការប្រតិកម្ម របស់ប្រជាពលរដ្ឋខេត្តមណ្ឌលគរី បានធ្វើឡើងក្រោយ រឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី មិនសប្បាយចិត្តឡើយនៅពេលដែលដឹងថា លោក សម រង្ស៊ី សន្យាកាត់ទឹកដីកម្ពុជា ឱ្យទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា ដោយមិនខ្វល់អំពីប្រជាពលរដ្ឋដែលរស់នៅលើទឹកដីនេះ។

សូមបញ្ជាក់ថា នៅក្នុងវីដេអូកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ ជាមួយ កាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបាន ចុះហត្ថលេខា ជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះ តំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ផងដែរ ប៉ុន្តែ លោក សម រង្ស៊ី បានអវត្តមានក្នុងការចូលបំភ្លឺ។ ទោះជាយ៉ាងនេះក្តី តំណាងអយ្យការបានអះអាងថា ខ្លួននឹងបន្តនីតិវិធីរបស់ខ្លួនបន្តទៀត ចំពោះសំណុំរឿងនេះ៕