(លីជាំង-ចិន)៖ សភាពាណិជ្ជកម្មខេត្តកំពង់ធំ-ខេត្តព្រះវិហារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាព ជាមួយសភាពាណិជ្ជកម្មទីក្រុងលីជាំង ខេត្តគ័ងទុង ប្រទេសចិន ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការ របស់ប្រតិភូខេត្តព្រះវិហារ ទៅកាន់ទីក្រុងលីជាំង ខេត្តយូណាន ក្រោមការដឹកនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។
លោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ខេត្តព្រះវិហារ បានឲ្យដឹងថា សភាពាណិជ្ជកម្មមណ្ឌលកំពង់ធំ-ព្រះវិហារ ត្រូវបានទទួលស្គាល់ ដោយអនុក្រឹត្យនៃសារាចរដ្ឋាភិបាលកម្ពុជា ដែលតំណាងឲ្យវិស័យឯកជន ចំនួន២ខេត្ត គឺខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
លោកឧកញ៉ា បានបន្តថា ការសំខាន់ៗគឺផ្តោតទៅលើការងារធុរកិច្ច ដែលមានវិស័យសំខាន់ៗ ដូចជា វិស័យពាណិជ្ជកម្ម វិស័យកសិកម្ម វិស័យឧស្សាហកម្មសិប្បកម្ម និងវិស័យទេសចរណ៍ ដោយសង្កត់ធ្ងន់ទៀតថា សព្វថ្ងៃនេះកម្ពុជា មានសមាជិកជាង៥០០ ដែលជាក្រុមហ៊ុន និងសហគ្រាសនៅក្នុងខេត្តទាំងពីរ។
ក្រុមហ៊ុនទាំងនោះ ជាប្រភេទក្រុមហ៊ុននាំចេញ និងជាក្រុមហ៊ុនក្នុងស្រុក ហើយផលិតផលសំខាន់ៗ ដែលនាំចេញពីខេត្តទាំងពីរមាន៖ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ស្វាយកែវរមៀត កៅស៊ូ សណ្តែកសៀង និងម្រេច ម្យ៉ាងវិញទៀត ផ្នែកវិស័យកសិកម្ម មានផ្ទៃដីឯកជនជាច្រើនពាន់ហិកតា សម្រាប់ធ្វើការសហការវិនិយោគ និងត្រូវការបច្ចេកទេស បង្កើតរោងចក្រកែឆ្នៃផលិតផលកសិកម្ម សម្រាប់ថ្វើការនាំចេញ ពីព្រោះកន្លងមកផលិតផលកសិកម្ម ដែលបាននាំចេញមានតែវត្ថុធាតុដើមប៉ុណ្ណោះ។
ក្នុងនាមសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ខេត្តព្រះវិហារ លោកឧកញ៉ា ហេង សំណាង បានថ្លែងនូវការអរគុណចំពោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលបានអនុញ្ញាតឲ្យរូបលោកបានចូលរួមដំណើរទស្សនកិច្ច និងការចងសម្ព័ន្ធមេត្រីភាពជាមួយ ខេត្តគ័ងទុង នៃទីក្រុងលីជាំង នៅពេលនេះ។
លោកក៏មានមោទនភាពយ៉ាងខ្លាំង ដែលសភាពាណិជ្ជកម្មទាំងពីរ បានចុះកិច្ចព្រមព្រៀងមិត្តភាព ជាមួយសភាពាណិជ្ជកម្មទីក្រុងលីជាំង ដែលធ្វើឲ្យសភាពាណិជ្ជកម្មទាំងពីរកាន់តែមានភាពជិតស្និត ក្នុងការផ្លាស់ប្តូរបទពិសោធន៍ការងារ ផ្លាស់ប្តូរកិច្ចសហការវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យវប្បធម៌ ហើយសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងមិត្តភាពលើកនេះ និងក្លាយទៅជាផ្លូវមិត្តភាពយូរអង្វែង៕