មេអាវុធហត្ថ ចាត់ឲ្យត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ និងមធ្យោបាយ ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
10-05-2018 18:20
(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំត្រួតពិនិត្យកម្លាំងទ័ព គ្រឿងបំពាក់ មធ្យោបាយ និងហ្វឹកហ្វឺន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង។
ការចុះត្រួតពិនិត្យកម្លាំងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការណែនាំ និងបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងគោលបំណងដើម្បីត្រៀម ចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខ។
ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទីភាកិច្ច ពិសេសត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត នូវរាល់បទបញ្ជារបស់ថ្នាក់លើ៕