(ភ្នំពេញ)៖ លោក សាន វឌ្ឍនា ប្រធានក្រុមចលនា GOGO CAMBODIA រួមជាមួយក្រុមការងារ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះថា រយៈពេល៤ខែគត់ ក្រមាដែលមានប្រវែងជាងនៅលើពិភពលោក ត្បាញបានជាង៦០០ម៉ែត្រ និងមានអ្នកចូលរួមត្បាញប្រមាណជិត១ម៉ឺននាក់ ក្នុងនោះមានជនជាតិបរទេសចម្រុះជាតិសាសន៍ ប្រមាណ៦០០នាក់ បានចូលរួមត្បាញផងដែរ។
កម្ពុជាជាព្រះរាជាណាចក្រមួយ ដែលសម្បូរទៅដោយសម្បត្តិធម្មជាតិផង និងស្នាដៃច្នៃប្រឌិតមិនចេះរីងស្ងួតរបស់ប្រជាជាតិផង។ ជាពិសេសសម្បត្តិបេតិកភណ្ឌវប្បធម៌ពីបុរាណទាំងរូបី និងអរូបី ដែលជាស្នាដៃមិនអាចកាត់ថ្លៃបាន របស់បុព្វបុរសយើង បានបន្សល់ទុកមកពីយូរលង់ណាស់មកហើយ។
ជាមួយគ្នានេះដែរ ក្រមាត្រូវបានប្រជាជនខ្មែរទទួលស្គាល់ថា ជាសម្បត្តិបេតិកភណ្ឌវប្បធម៌បុរាណរូបីមួយ ហើយក្រមានេះទៀតសោធមានសារសំខាន់ខ្លាំងណាស់ ចំពោះប្រជាជនខ្មែរ ដែលរស់នៅជនបទស្រុកស្រែចំការ ដែលពួកគាត់ស្គាល់ថា ជាសម្ភារៈប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ មានតម្លៃបំផុត។
លោក សាន វឌ្ឍនា បានបន្តថា ទោះជាយ៉ាងនេះក្តី ក្មេងៗសម័យក្រោយនេះ មិនសូវស្គាល់ពីការលំបាក នៃការផលិតក្រមាទេ ហើយមួយចំនួនអាចមិនស្គាល់ពីតម្លៃ របស់វត្ថុនេះទៀតផង។ ចាប់តាំងពីរាជរដ្ឋាភិបាលរៀបចំឱ្យមានព្រឹត្តិការណ៍ នៅវាលព្រះមេរុ គឺការត្បាញក្រមាវែងជាងគេលើពិភពលោក ប្រវែង១០០០ម៉ែត្រមក គេសង្កេតឃើញថា មានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាជនខ្មែរ ជាពិសេសយុវវ័យតែម្តង។
លោក សាន វឌ្ឍនា បានថ្លែងយ៉ាងដូច្នេះថា «មកដល់ថ្ងៃនេះ គឺគម្រប់៤ខែគត់ ដែលយើងខ្ញុំបានប្រកាសជាសាធារណៈ ក្នុងគោលបំណង បំបែកឯតទកគ្គកម្មក្រមាវែងជាងគេបំផុតនៅលើពិភពលោក ហើយក៏ជាគម្រប់៤ខែគត់ដែរ ដែលយើងបានចាប់ផ្តើមសរសៃដំបូងត្បាញក្រមា វែងជាងគេបំផុតលើពិភពលោកនេះ»។ «ក្រមារបស់យើងត្បាញបានជិត៦០០ម៉ែត្រហើយ ហើយក្នុងនោះមានជនបរទេសចម្រុះជាតិសាសន៍ជិត៦០០នាក់»។
លោក សាន វឌ្ឍនា និងក្រុមការងារ បានបន្តថា ប្រហែល១ខែ ២ខែទៀត គឺយើងអាចត្បាញចប់ហើយ តែមិនទាន់បញ្ជាក់ថ្ងៃខែបញ្ចប់ការត្បាញ នៅថ្ងៃណាឱ្យប្រាកដទេ ក៏ប៉ុន្តែសង្ឃឹមថាប្រព័ន្ធផ្សព្វផ្សាយ រួមជាមួយប្រជាពរដ្ឋ និងចូលរួមទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យក្រមាដែលមានប្រវែងវែងជាងនៅលើពិភពលោកនេះ ទទួលបានជោគជ័យនូវអ្វីដែលបានគ្រោងទុកផងដែរ។
ទទឹមនឹងនេះ ក្រុមការងារ GOGO CAMBODIA សង្ឃឹមថា បន្ទាប់ពីបញ្ចប់នូវអ្វីដែលបានកំណត់ នឹងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីគ្រប់ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល និងពលរដ្ឋបរទេសចូលរួមដង្ហែក្រមាដែលវែងជាងគេនៅលើពិភពលោកនេះ ឱ្យបណ្តាប្រទេសនានាទូទាំងសកលលោកបានដឹក បានស្គាល់ពីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា នៅលើឆាកអន្តរជាតិ និងតំបន់ផងដែរ។
និស្សិត ឆន ស្រីលក្ខ មកពីសកលវិទ្យាល័យធនធានមនុស្ស បានថ្លែងថា ការរៀបចំឱ្យមានការត្បាញក្រមាវែងជាងគេ នៅលើពិភពលោកនេះ វាបានផ្តល់ផលល្អយ៉ាងខ្លាំង សម្រាប់យុវជន រួមទាំងប្រជាពលរដ្ឋខ្មែរ រួមទាំងជនជាតិបរទេស បានយល់ដឹងពីតម្លៃវប្បធម៌របស់ខ្មែរ ជាពិសេសឱ្យពួកគាត់យល់ថា ខ្មែរជាជាតិសាសន៍មួយ មានភាពអំណត់ព្យាយាមលើការងាររបស់ខ្លួន និងបានបន្តគាំទ្រ និងចង់ឱ្យមានការលើកស្ទួយវប្បធម៌យើង ព្រមទាំងបង្កើតឱ្យមានព្រឹត្តិការណ៍ផ្សេងៗទៀតផងដែរ។
សូមជម្រាបថា យុទ្ធនាការក្រមា១០០០ម៉ែត្រ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរ ទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ, បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ និងជំរុញឱ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕