(ភ្នំពេញ)៖ ស្ដ្រីដែលយកសត្វព្រៃជាច្រើនប្រភេទ មកធ្វើជាម្ហូប ហើយបង្ហោះតាម Youtube និងប្តីរបស់នាង ដែលជាអ្នកថតនោះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានចូលមកក្រសួងបរិស្ថាន ដើម្បីសារភាពទោសកំហុស ដែលរូបគេបានប្រព្រឹត្តកន្លងមក ហើយត្រូវក្រសួងសម្រេចធ្វើកិច្ចសន្យាអប់រំ បញ្ឈប់សកម្មភាពថតសត្វព្រៃតទៅទៀត និងផាកពិន័យជាប្រាក់ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
នៅចំពោះមុខអ្នកសារព័ត៌មាន និងមន្ដ្រីជំនាញ ពួកគេទាំង២នាក់ ដែលប្ដីឈ្មោះ ហួង រ៉ាទី ប្រពន្ធឈ្មោះ ចាន់ ប៉ូលីន បានសារភាព និងរៀបរាប់ពីដំណើររឿងថា សត្វព្រៃដែលពួកគេយកមកធ្វើម្ហូប ហើយថតបង្ហោះតាម Youtube នោះ មិនមែនរូបគេជាអ្នកបរបាញ់នោះទេ ពោលរូបគេទិញសត្វដែលគេដាក់លើនៅតាមផ្លូវ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម និងផ្សារគីឡូលេខ៤ រាជធានីភ្នំពេញ។
មូលហេតុដែលថតបង្ហោះតាម Youtube នោះ គ្មានចេតនាអ្វីអាក្រក់នោះទេ ដោយគ្រាន់តែចង់រកលុយតាម Youtube តែប៉ុណ្ណោះ ហើយពួកគេបានបង្ហោះវីដេអូចំនួន២លើក គឺនៅអំឡុងខែធ្នូ ឆ្នាំ២០១៧ និងអំឡុងខែមីនា ឆ្នាំ២០១៨។ ចាប់តាំងពីបង្ហោះវីដេអូ ពួកគេទាំង២នាក់ រកលុយបានចំនួន៥០០ដុល្លារ ពីអ្នកដែលបានចូលទស្សនាវីដេអូទាំងនោះ ប៉ុន្ដែលុយនោះមិនទាន់បានទៅបើកនៅធនាគារទេ។
បើតាមពួកគេទាំង២នាក់ ក្រៅពីការថតបង្ហោះវីដេអូសត្វព្រៃ ដែលធ្វើឲ្យមានការរិះគន់ រហូតដល់ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ ព្រមានចាត់វិធានការតាមផ្លូវច្បាប់នោះ ជាធម្មតាពួកគេតែងតែថតវីដេអូបង្ហោះ ធ្វើម្ហូបផ្សេងៗផងដែរ ប៉ុន្ដែសត្វដែលយកមកធ្វើម្ហូបនោះជាសត្វស្រុកធម្មតាតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់វីដេអូដែលធ្វើអន្ទាក់នោះ គ្រាន់តែជាការសម្ដែងដើម្បីទទួលបានការចាប់អារម្មណ៍ ហើយក៏មិនបានយកទៅទាក់សត្វព្រៃដែរ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីពួកគេទាំង២នាក់ បានដឹងថាខ្លួនខុស ហើយចូលសារភាពកំហុសនៅថ្ងៃនេះ ក្រសួងបរិស្ថាន បានសម្រេចធ្វើកិច្ចសន្យាឲ្យពួកគេបញ្ឈប់សកម្មភាពតទៅទៀត ហើយកំណត់ឲ្យបង់ប្រាក់ពិន័យស្ដារការខូចខាត ចំនួន១លានរៀល រួចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
បើតាមមន្ដ្រី នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន ក៏បានបញ្ជាក់ថា ចំពោះករណីនេះមិនមែនជាបទល្មើសធ្ងន់ធ្ងរនោះទេ ពោលពួកគាត់ទាំង២នាក់ គ្រាន់តែទិញសត្វស្លាប់ដែលគេដាក់លក់មកទទួលទានតែប៉ុណ្ណោះ ដោយមិនបានទៅធ្វើការបរបាញ់ដោយខ្លួនឯងដែរ ហើយសត្វដែលពួកគាត់ទិញមកទទួលទាននោះ ក៏មិនមែនជាសត្វដែលកំណត់ដោយច្បាប់ថា ត្រូវតែផ្ដន្ទាទោសនោះដែរ។
មន្ដ្រីរូបនេះ ក៏បានបញ្ជាក់ថា ហេតុដូច្នេះហើយទើបក្រសួងបរិស្ថាន ក្រោមការណែនាំពី លោករដ្ឋមន្ដ្រី សាយ សំអាល់ បានកំណត់ត្រឹមការធ្វើកិច្ចសន្យា និងបង់ប្រាក់ផាកពិន័យស្ដារការខូចខាតតែប៉ុណ្ណោះ រួចអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា ស្រ្តីរូបនេះ បានបង្កើតទំព័រ Youtube មួយឈ្មោះ «Natural Life TV» ហើយបានបង្ហាញសកម្មភាព យកសត្វព្រៃជាច្រើនប្រភេទ មានសត្វខ្លះជាប្រភេទសត្វកម្រថែមទៀត មកបង្ហោះលើទំព័រ Youtube របស់នាង។ ការបង្ហោះនេះ គឺមានគោលបំណងស្វែងរកការមើលឲ្យបានច្រើន ដើម្បីទទួលបានថវិកា នៃការផ្សព្វផ្សាយពាណិជ្ជកម្មនានា តាមរយៈក្រុមហ៊ុន Google៕