(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរខួបលើក១៥៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ប្រាសាក់ បានបរិច្ចាគថវិកាចំនួន៦០លានរៀល (ឬ ប្រមាណជា ១៥,០០០ដុល្លារ) ជូនកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងចូលចំណែកសកម្មភាពមនុស្សធម៌ និងអនុលោមតាមតម្លៃស្នូលរបស់ស្ថាប័នក្នុងការគាំទ្រសុខុមាលភាពសង្គម។
ការប្រារព្ធព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីសមាជិកកាកបាទក្រហមកម្ពុជា សមាជិករដ្ឋសភា មន្រ្តីរដ្ឋាភិបាល ម្ចាស់ជំនួយជាតិ និងអន្តរជាតិ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងអ្នកតំណាងគណៈកម្មការអន្តរជាតិកាកបាទក្រហម។
ថ្លែងពាក់ព័ន្ធនឹងការបរិច្ចាគនេះ លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានបញ្ជាក់ថា «ប្រាសាក់បន្តប្ដេជ្ញាចិត្តឥតងាករេលើការចូលរួមការងារសង្គម ដើម្បីបង្កើតគុណតម្លៃ និងអត្ថប្រយោជន៍រួមសម្រាប់ទាំងស្ថាប័ន និងទាំងសង្គមជាតិទាំងមូល។ ហើយបច្ចុប្បន្ននេះ ប្រាសាក់មានផែនការច្បាស់លាស់ក្នុងការផ្តល់ជាប្រយោជន៍ដល់សង្គម ដូចជាសាងសង់អគារបណ្ណាល័យ ឧបត្ថម្ភការវះកាត់មាត់ឆែប ឧបត្ថម្ភសិស្សពូកែ ចូលរួមបរិច្ចាគឈាម គាំទ្រកម្មវិធីពង្រឹងសមត្ថភាពរបស់យុវជន និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនរបស់ខ្លួន។ ជាងនេះទៅទៀត ប្រាសាក់បានបរិច្ចាគថវិកាជូនចំពោះកាកបាទក្រហមកម្ពុជាសម្រាប់ការងារមនុស្សធម៌ ជាដើម»
លោក សូនី បានបន្ថែមថា «តាមរយៈការបរិច្ចាគថវិកានេះ យើងសង្ឃឹមថា កាកបាទក្រហមកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់ជាជម្រក ម្ហូបអាហារ ការជួយសង្គ្រោះបន្ទាន់នានា ជូនដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារ ដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយនានា។ នេះគឺជាកាតព្វកិច្ច និងសមានចិត្តរបស់យើងចំពោះសហគមន៍ ដែលយើងបានធ្វើការជាមួយ»
គិតត្រឹមពេលនេះ ប្រាសាក់បានចូលរួមបរិច្ចាគដល់កាកបាទក្រហមកម្ពុជា សរុបទឹកប្រាក់ចំនួន ២១០លានរៀល (ពីររយដប់លានរៀល)។
ប្រាសាក់ ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា និងមានបទពិសោធន៍ដ៏ប៉ិនប្រសប់ក្នុងរយៈពេល២៣ឆ្នាំ ហើយមានភាពរឹងមាំដោយឈរលើមូលដ្ឋានសំខាន់ៗដូចជា ភាពល្អប្រសើរផ្នែកអាជីវកម្ម ការបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែននិងសម្បូរបែប វិសាលភាពនៃបណ្តាញការិយាល័យគ្របដណ្ដប់ទូទាំងប្រទេស ការបំពាក់ម៉ាស៊ីនអេធីអឹម (ATM) និងប្រព័ន្ធធនាគារស្នូល ប្រកបដោយភាពទំនើប តម្លាភាព និងសុក្រឹតភាព។
គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០១៨ ប្រាសាក់មានទ្រព្យសកម្មជិត ២,០០០លានដុល្លារសមតុល្យប្រាក់បញ្ញើសន្សំមានចំនួនច្រើនជាង 980 លានដុល្លារអាមេរិក សម្ពៀតឥណទានមានចំនួនច្រើនជាង១,៦៤៩លានដុល្លារ និងបុគ្គលិកសរុបជាង ៧,០០០នាក់ ៕