(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បើកបាឋកថា ស្តីពី«តម្លៃសីលធម៌ព្រះពុទ្ធសាសនា និងកិច្ចការជំនួយ» ដើម្បីផ្តល់ចំណេះដឹងថ្មីជូនសមណនិស្សិត-និស្សិត។ ក្រោយបញ្ចប់បាឋកថានេះ សមណនិស្សិត-និស្សិតដែលសិក្សា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានលើកឡើងថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មិនត្រឹមតែជាពុទ្ធិកសាកលវិទ្យាល័យ បង្រៀនចំណេះដឹងដល់សមណនិស្សិត-និស្សិតប៉ុណ្ណោះទេ តែពុទ្ធិកសាកលវិទ្យាល័យមួយនេះ បានបង្រៀនពីក្រមសីលធម៌ខ្ពស់ ដល់សមណនិស្សិត-និស្សិតផងដែរ។
ការលើកឡើងរបស់សមណនិស្សិត-និស្សិតនាពេលនេះ បានធ្វើឡើងនៅក្នុងពិធីបាឋកថា ដែលរៀបចំឡើងដោយ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមប្រធានបទ «តម្លៃសីលធម៌ព្រះពុទ្ធសាសនា និងកិច្ចការជំនួយ» នាសាលប្រជុំក្រសួងធម្មការ និងសាសនា។
ពិធីបាឋកថា ដែលរៀបចំឡើងដោយ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្រោមប្រធានបទ«តម្លៃសីលធម៌ព្រះពុទ្ធសាសនា និងកិច្ចការជំនួយ» មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាច្រើនអង្គ និងនាក់ ដោយមានលោក យ៉ន សុវណ្ណ ប្រធានក្រុមហ៊ុនបាយ័ន សៀរាល Bayon Cereal ជាវាគ្មិនពិសេសផងដែរ។
នៅក្នុងពិធីបាឋកថានេះលោក យ៉ន សុវណ្ណ វាគ្មិនពិសេស បានចែករំលែកនូវបទពិសោធន៍ជូនសមណសិស្ស-និស្សិតដែលសិក្សា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជអំពីការយកច្បាប់ព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងការធ្វើជំនួញ គឺជាវិធីសាស្រ្តដ៏ល្អបំផុត សម្រាប់ធ្វើឲ្យអាជីវកម្មទទួលបានជោគជ័យ។ បន្ថែមពីលើនេះ លោក យ៉ន សុវណ្ណ បានបញ្ជាក់ថា ការយកធម៌ព្រះពុទ្ធសាសនា មកប្រើប្រាស់ ក្នុងការធ្វើជំនួញ គឺជាវិធីសាស្រ្តសន្តិភាពផ្លូវចិត្តដែលគ្រប់គ្នា គួរតែយកមកអនុវត្ត ដើម្បីទទួលបានភាពរីកចម្រើន ក្នុងជីវិត និងអាជីវកម្ម។
កញ្ញា រិទ្ធ ផាន្នា និស្សិតឆ្នាំទី២ សិក្សាជំនាញគ្រប់គ្រងទូទៅនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការរៀបចំសិក្ខាសាលារបស់ពុទ្ធិកសាកលវិទ្យាល័យនាពេលកន្លងមក គឺកញ្ញា ទទួលបានចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនដែលបាន ផ្តល់គំនិត និងការអប់រំជាច្រើន ទាក់ទងទៅនឹងចំណេះដឹងទូទៅ និងបែបបទនៃការរស់នៅប្រចាំថ្ងៃ នៅក្នុងសង្គមកម្ពុជា។ កញ្ញា បានបន្តថា ប្រធានបទខ្លះទាក់ទងនឹងការសិក្សា ការតំរង់ទិសមួយទៅរកភាពជោគជ័យ និងជាក់លាក់ក្នុងការរស់នៅ និងប្រកបមុខរបរ ក្នុងសង្គមថា ត្រូវរស់នៅយ៉ាងណា នៅក្នុងសង្គមកម្ពុជា នាថ្ងៃអនាគត។
និស្សិតស្រីវ័យក្មេងរូបនេះ បានបន្តថា ការរៀបចំឲ្យមានបាឋកថា ឬសិក្ខាសាលា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជារឿងមួយ ដែលមានសារៈសំខាន់ណាស់ សម្រាប់និស្សិតគ្រប់គ្នា ពីព្រោះយើងទទួលបានបទពិសោធន៍ និងចំណេះដឹងផ្សេងៗ ហើយការធ្វើបទបង្ហាញ របស់វាគ្មិនក៏ខុសៗគ្នា ចឹងការចូលរួមរៀន គឺសិស្ស និស្សិតទទួលបានចំណេះដឹងផ្សេងៗគ្នា និងទូលំទូលាយ អាចយកទៅអនុវត្ត ជាក់ស្តែង បាន។
កញ្ញា រិទ្ធ ផាន្នា បានបញ្ជាក់យ៉ាងដូច្នេះថា «សាលាហ្នឹងដំបូងឡើយខ្ញុំមិនស្គាល់នោះទេ តែបងស្រីរបស់ខ្ញុំ គាត់ទទួលបានអាហារូបករណ៍សិក្សានៅហ្នឹង ហើយគាត់បានណែនាំខ្ញុំ ឲ្យមកសិក្សានៅទីហ្នឹង ទាំងការបង្រៀន ទាំងការអនុវត្ត គឺថា ខ្លាំងផ្នែកសីលធម៌តែម្តង ចឹងឲ្យខ្ញុំទៅរៀននៅសាលាហ្នឹងទៅទទួលបានចំណេះដឹងហើយ ទទួលបានសីលធម៌ខ្ពស់ ពីព្រោះសម័យអាលូវគេត្រូវការចំណេះដឹង និងសីលធម៌ទៀតផង។ ពេលដែលខ្ញុំបានចូលរួមទើបខ្ញុំបានដឹងថា ពុទ្ធិកសាកលវិទ្យាល័យគឺល្អ។ ចឹងសិស្សទូទៅ ជាពិសេសសិស្សស្រី អាចចូលរៀនបាន ពីព្រោះសាលានេះ គឺល្អទាំងចំណេះដឹង គឺក្រុមគ្រូបង្រៀន ផ្តល់បានល្អ ទាំងសីលធម៌ក៏ល្អដែរ ហើយមានសៀវភៅ ប្រវត្ថិសាស្រ្ត និងសៀវភៅស្រាវជ្រាវជាច្រើនទៀត នៅក្នុងបណ្ណាល័យ»។
ចំណែក ព្រះតេជគុណ ពោ សុភ័ក្រ ជាសមណនិស្សិតឆ្នាំទី២ ជំនាញផ្នែករដ្ឋបាលអប់រំ មានសង្ឃដីកាឲ្យដឹងថា ការរៀបចំឲ្យមានសិក្ខាសាលា និងបាឋកថា កន្លងមកនេះ គឺខាងសាលាបានអញ្ជើញវាគ្មិនល្បីៗ មកធ្វើបទបង្ហាញ នៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ធ្វើឲ្យនិស្សិតទាំងអស់ បានយល់ដឹង ជាពិសេស បានយល់ដឹងស៊ីជំរៅពីព្រះពុទ្ធសាសនា។ ឆ្លើយតបនឹងការសិក្សាបានច្រើន នៅក្នុងពុទ្ធិកសាកលវិទ្យាល័យ របស់សមណនិស្សិត-និស្សិត។ ព្រះតេជគុណ ពោ សុភ័ក្រ មានសង្ឃដីកាបន្តថា «ពុទ្ធិកសាកលវិទ្យាល័យនេះ សម្រាប់យើងទាំងអស់គ្នា មិនមែនជាពុទ្ធិកសាកលវិទ្យាល័យសម្រាប់តែព្រះសង្ឃនោះទេ»។
ជាមួយគ្នានោះ និស្សិតស្រី រិទ្ធ ផាន្នា ក៏បានស្នើឲ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានការរៀបចំសិក្ខាសាលា និងបាឋកថា ឲ្យបានច្រើនជាបន្តបន្ទាប់ទៀត ដើម្បីឲ្យសមណនិស្សិត និងនិស្សិត កាន់តែរៀនសូត្រ និងទទួលបានចំណេះដឹងច្រើនជាងមុន ដើម្បីមានឱកាសយកមកអនុវត្ត និងអភិវឌ្ឍខ្លួនឲ្យមានការីកចម្រើន៕