(ត្បូងឃ្មុះ)៖ ក្រោយផ្ទុះករណីពុលទឹកនៅខេត្តក្រចេះ និងមណ្ឌលគិរីរួចមក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រាប់ឲ្យប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបរិភោគទឹក ដោយត្រូវបរិភោគទឹកដែលមានអនាម័យ។
រដ្ឋបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ដើម្បីធានាសុវត្តិភាព និងបង្ការគ្រោះថ្នាក់ ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការប្រុងប្រយ័ត្ន រួមទាំងការការពារផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ដើម្បីជៀសផុតពីបញ្ហាដូចជា ការឈឺពោះក្អួតចង្អោ ឈឺក អស់កម្លាំង ទន់ដៃជើង វិលមុខ ថប់ដង្ហើម សន្លប់ ដែលបណ្ដាលមកពីការបរិភោគទឹកមិនមានអនាម័យ ដែលក្នុងនោះមាន១០ចំណុចរួមមាន៖
១៖ ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច។
២៖ ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់។
៣៖ លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ។
៤៖ សំអាតសម្ភារៈ ប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ។
៥៖ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។
៦៖ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា។
៧៖ កុំរក្សាទុកអាហរក្នុងកំដៅធម្មតាលើសពី២ម៉ោង។
៨៖ មិនត្រូវទុកអាហរជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្តិភាពណាក៏ដោយ។
ក៖ បើយើងរក្សាទុកអាហារ ក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ។
ខ៖ បើយើងរក្សាទុកអាហារ ក្នុងប្រព័ន្ធកំដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ។
៩៖ កុំប្រើប្រាស់ចំណីអាហារហួស កាលកំណត់ប្រើប្រាស់។
១០៖ កុំបរិភោគ និងប្រើប្រាស់ទឹកមិនស្អាត ដូចជាទឹកអូរ ព្រែក បឹងបូរ ទន្លេជាដើម៕